កម្ពុជាជ្រើសរើសយកសន្តិភាព និងច្បាប់អន្តរជាតិ, ថៃជ្រើសរើសយកសង្គ្រាម និងទាត់ចោលច្បាប់អន្តរជាតិ

Wait 5 sec.

(ភ្នំពេញ)៖ ភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា​-ថៃ កាន់តែកើនកម្ដៅឥតថមថយ ខណៈដែលភាគីកម្ពុជាប្រកាន់ជំហរការទូត និងច្បាប់អន្តរជាតិ ប៉ុន្តែភាគីថៃបានជ្រើសរើសយកសង្គ្រាមជាដំណោះស្រាយ ដោយទាត់ចោលទាំងស្រុងនូវច្បាប់អន្តរជាតិ។មុនកិច្ច​ប្រជុំ JBC ចាប់ផ្តើមនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ០២២៥នេះ ថៃបានប្រកាសចង់ធ្វើសង្គ្រាមជាមួយកម្ពុជា។ មេភូមិភាគ២ របស់ថៃ លោក Boonsin Padklang ប្រកាសថា ថៃចង់ធ្វើសង្គ្រាមជាមួយកម្ពុជា ហើយថៃនឹងមិនទៅតុលាការ ICJ ជាដាច់ខាត។ មេទាហានរូបនេះបន្តថាប្រសិនជាកម្ពុជាចង់ដោះស្រាយ គឺត្រូវធ្វើសង្គ្រាម ហើយនេះជាជម្រើសដែលអាចដោះស្រាយបាន។ការធ្វើសង្គ្រាមគឺជារឿងមួយដែលកម្ពុជាមិនចង់ឃើញ ព្រោះថាកម្ពុជាតែងប្រកាន់ជំហរថែរក្សាសន្តិភាពរហូតមក។ នេះមិនមែនមានន័យថា កម្ពុជាខ្លាចរអារចំពោះថៃនោះទេ កម្ពុជាមានបទពិសោធន៍ឆ្អែតឆ្អន់នឹងសង្គ្រាម ទាហានដ៏អង់អាចក្លាហានរបស់កម្ពុជា រួមទាំងសព្វាវុធផ្សេងៗ ត្រូវបានបញ្ជូនទៅដល់ព្រំដែន តាំងពីក្រោយថ្ងៃផ្ទុះអាវុធនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មកម្ល៉េះ ដើម្បីការពារបូរណភាពទឹកដី ក្នុងករណីដែលមានការឈ្លានពានណាមួយពីសំណាក់ទាហានថៃ កម្ពុជាក៏នឹងតបតយ៉ាងស្វាហាប់ផងដែរ។ ទោះជាយ៉ាងនេះក្តី កម្ពុជាបាន និងកំពុងប្រើប្រាស់យន្តការផ្សេងៗទៀត ក្នុងនោះមានយន្តការបច្ចេកទេស ការចរចាទ្វេភាគី និងយន្តការច្បាប់អន្តរជាតិផងដែរ។ការសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) របស់កម្ពុជា សម្រាប់បញ្ហាវិវាទនៅចំណុចប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងចំណុចមុំបី គឺជាការសម្រេចចិត្តប្រកបដោយភាពចាស់ទុំខាងនយោបាយ ដោយសារតែកម្ពុជាបានមើលឃើញថា បញ្ហា៤ចំណុចនេះ មិនអាចចរចាទ្វេភាគីតទៅទៀតបានទេ ដោយសារតែប្រទេសទាំងពីរប្រកាន់ជំហររៀងៗខ្លួន ហើយការចរចាបានធ្វើឡើងរាប់សិបឆ្នាំ តែងមិនទាន់សម្រេច។ថៃជាពិសេសក្រុមយោធា គួរតែគោរពច្បាប់អន្តរជាតិ និងឈប់ព្រហើនតទៅទៀត ហើយមានសេចក្តីក្លាហានក្នុងការរៀបចំសំណុំឯកសារ ទៅតតាំងក្តីគ្នានៅតុលាការយុត្តិធម៌អន្តរជាតិ។ ឥរិយាបទរបស់ថៃនាពេលនេះ ដែលរួមមានការបិទព្រំដែនជាឯកតោភាគី ការគំរាមនានា ដើម្បីកុំឱ្យកម្ពុជាប្តឹងទៅ ICJ បានត្រឹមតែធ្វើឱ្យខ្លួនឯងអាម៉ាស់ជាងមុននៅលើឆាកអន្តរជាតិប៉ុណ្ណោះ ហើយវិធានការរបស់ថៃ មកលើកម្ពុជាដូចជារបិទច្រក ការផ្តាច់អគ្គិសនី និងអ៉ិនធើណិត គ្មានប្រសិទ្ធភាពបន្តិចឡើយ កម្ពុជាអាចកំដរលេងជាមួយបានទាំងអស់ ហើយអ្នកដែលខាតធ្ងន់ធ្ងរមិនមែនកម្ពុជាទេ នោះគឺថៃ និងប្រជាជនថៃ៕