(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលចែករង្វាន់សិស្សពូកែវិទ្យាល័យបឹងធំ ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ លោក ប៊ុន សំបូរ សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានអំពាវនាវឲ្យបងប្អូន ក្មួយសិស្សានុសិស្សនៅសង្កាត់បឹងធំ សូមរក្សាសាមគ្គីភាព អត់ធ្មត់ ក្នុងនាមខ្មែរម្ចាស់ស្រុក និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះនៅតាមព្រំដែនជាមួយភាគីថៃ។លោក ប៊ុន សំបូរ បានស្នើសុំឲ្យប្រជាពលរដ្ឋ ជៀសវាងស្តាប់ និងជឿលើព៌តមានគ្មានប្រភពច្បាស់លាស់ បំពុលសង្គម សូមជឿទុកចិត្តលើរាជរដ្ឋាភិបាល ព្រោះរដ្ឋាភិបាល បានចាត់តាំងក្រុមការងារច្បាស់លាស់ ដើម្បីប្តឹងករណីជម្លោះនៅព្រំដែនតំបន់មុំបី ប្រសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រសាទតាក្របី ទៅតុលាយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដោយកម្ពុជាបានរៀបចំរួចជាស្រេចនូវឯកសារគតិយុត្តិនានា ដើម្បីគាំទ្រដល់ការដំណើរការនៅសាលាក្តីអន្តរជាតិនេះ ដូច្នេះសូមបង ប្អូន កូន ក្មួយទាំងអស់ ត្រូវរួបរួមគ្នាជាធ្លុងមួយហើយជឿជាក់ និងគាំទ្រលើរាជរដ្ឋាភិបាល។លោក ប៊ុន សំបូរ ក៏បានពាំនាំបណ្តាំសាកសួរទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចមហាបរវធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងងអស់នៃសង្កាត់បឹងធំ ខណ្ឌកំបូលផងដែរ។លោកស្រី សំបូរ សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនដល់សិស្សានុសិស្សដែលចូលរួមទាំងអស់ នូវវិធីសាស្ត្រក្នុងការសិក្សា ដើម្បីទទួលបានចំណេះដឹង និងលទ្ធផលល្អក្នុងការសិក្សា និងត្រូវមានទំនុកចិត្តខ្លួនឯងក្នុងការសម្រេចចិត្តលើការធ្វើអ្វីមួយ ហើយក្រៅពីនោះត្រូវខិតខំស្តាប់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ជៀសឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងក្នុងវ័យសិក្សា។លោកស្រីក៏បានផ្តាំផ្ញើរដល់សមាជិកសមាជិកាដែលចូលរួមក្នុងអង្គពីធីនោះថា យើងត្រូវធ្វើការអភិវឌ្ឍខ្លួនដោយខ្លួនឯង តាមរយៈការវិវត្តនៃសភាពការណ៍សហគមន៍ សង្គមជាតិ និងអន្តរជាតិ ជាពិសេសផ្នែកចំណេះដឹង បច្ចេកវិទ្យាព៌តមានវិទ្យា និងការទទួលបាននូវព៌តមានពិត និងចំណេះដឹងពិត រួមទាំងក្រមសីលធម៌ល្អផងដែរ។លោក ប៊ុន សំបូរ ព្រមទាំងក្រុមគ្រួសារ ក៏បានផ្តល់ជូនវិទ្យាល័យបឹងធំ នូវកុំព្យូទ័រលើតុចំនួន ៥ គ្រឿង សិស្សពូកែលេខ១ចំនួន ១៤នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ១០ក្បាលថវិកា៦ម៉ឺនរៀល, សិស្សពូកែលេខ ២ចំនួន ១៤ នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ១០ក្បាលថវិកា៥ម៉ឺនរៀល សិស្សពូកែលេខ ៣ចំនួន ១៤ នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ១០ក្បាលថវិកា៤ម៉ឺនរៀល និងរួមជាមួយការចាប់ឆ្នោតផ្សងសំណាង ដែលមានរង្វាន់ កុំព្យូទ័រយួដៃចំនួន ៣ គ្រឿង កង់អគ្គិសនី ៤ គ្រឿង កង់ចំនួន ២០ គ្រឿង កង្ហារ២០ គ្រឿង កាតាបសិស្ស ៣០ ឆ្នាំងដែកឈុត១០០ឈុត អំពូលសូឡា ២៤ គ្រឿង រទេះរុញសម្រាប់ជនពិការម្នាក់ ស្រោមដៃសម្រាប់មណ្ឌលសុខភាព និងរង្វាន់លួងចិត្តសម្រាប់អ្នកមិនត្រូវរង្វាន់ក្នុងម្នាក់ៗ ២ ម៉ឺនរៀល និងបានរៀបចំពិធីទទួលទានអាហារសាមគ្គីដល់អ្នកចូលរួមទាំងអស់គ្នាផងដែរ៕