(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ដាំដល់ក្រុមអ្នកនយោបាយប្រឆាំង កុំព្យាយាមអុចអាលញុះញង់ប្រជាពលរដ្ឋលើបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រោះរាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈក្នុងការដោះស្រាយបញ្ហានេះដោយសន្ដិវិធី បញ្ចៀសការបង្ហូរឈាម ដើម្បីការពារបូរណភាពទឹកដី។ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា», សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ចង់ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយមិនបង្ហូរឈាមលើសមរភូមិ ទើបសម្រេចចិត្តក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ។នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «សូមឲ្យបងប្អូនអ្នកនយោបាយមួយចំនួនគិតពីប្រយោជន៍ជាតិផង រដ្ឋាភិបាលធ្វើនេះដើម្បីជាតិយើងទាំងមូល ដើម្បីបូរណភាពទឹកដីរបស់យើង យើងចង់ឈ្នះក្ដីដោយមិនបង្ហូរឈាមនៅសមរភូមិ បានជាយើងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ)»។សម្ដេចធិបតីនាយករដ្ឋមន្រ្តី រំលឹកអ្នកនយោបាយប្រឆាំងថា កិច្ចការងារនេះ សូមទុកឱកាសឲ្យរាជរដ្ឋាភិបាល និងមន្រ្តីរួមគ្នាធ្វើការប្រកបដោយភាពទទួលខុសត្រូវ ដើម្បីប្រមូលផ្ដុំគ្នា ការពារផលប្រយោជន៍ស្របច្បាប់របស់កម្ពុជា ហើយតាមរយៈកិច្ចការនេះអ្នកនយោបាយប្រឆាំងមួយចំនួនមិនគួរឆ្លៀតចាប់យកផលប្រយោជន៍ បង្កើតជាភាពស្រពិចស្រពិលដល់ប្រជាពលរដ្ឋ បណ្ដាលឲ្យមានការភ័ន្ធច្រឡំនោះទេ។ថ្លែងទៅកាន់អង្គវេទិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ប្រាប់ក្រុមប្រឆាំងថា «បិទមាត់ខ្លះក៏គ្មានអ្នកណាថាគរដែរ» ហើយត្រូវទុកពេលវេលា ផ្ដល់កម្លាំងចិត្ត និងជំនឿចិត្តទៅកាន់កងទ័ពដែលនៅការពារព្រំដែន ដើម្បីប្រមូលផ្ដុំគ្នាការពារទុកជាមុនក្នុងករណី ភាគីម្ខាងទៀតផ្ទុះអាវុធ៕