(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រកាសឱ្យចូលកាន់មុខតំណែង លោកស្រី សេង ហួយ និងលោក សុខ សុវណ្ណ ជាអភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ និងលោក ជិន វណ្ណា ជានាយករដ្ឋបាលសាលាក្រុង។ពិធីប្រកាសចូលកាន់មុខតំណែងខាងលើនេះ ត្រូវបានធ្វើឡើងនៅបរិវេណសាលាក្រុងពោធិ៍សាត់ ដោយបានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាក្រុង/សង្កាត់ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។លោកស្រី សេង ហួយ ទើបតែប្រកាសចូលកាន់មុខតំណែងថ្មី បានថ្លែងអំណរគុណចំពោះលោក ខូយ រីដា និងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជឿជាក់ និងផ្តល់ទំនុកចិត្តដើម្បីទទួលបានឱកាសបម្រើប្រជាពលរដ្ឋ និងសង្កមជាតិ។ ក្នុងនាមអភិបាលរង និងនាយករដ្ឋបាលសាលាក្រុងពោធិ៍សាត់ ទាំង៣រូប លោកស្រីសូមប្តេជ្ញាចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ខិតខំបំពេញតួនាទីភារកិច្ចស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងតាមឋានានុក្រម ពិសេសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។ថែរក្សាការពារ និងពង្រឹងពង្រីកស្មារតីសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនង សហប្រតិបត្តិការល្អ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ និងស្វ័យសិក្សារៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ សមត្ថភាព គុណធម៌ សុជីវធម៌ ក្នុងការបំពេញមុខងារ តួនាទីភារកិច្ច ឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗ និងបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរទ្វេឡើង។មានប្រសាសន៍ក្នុងឱកាសនោះ លោក ខូយ រីដា បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមជាមួយនឹងការចង្អុលបង្ហាញណែនាំជាប្រចាំ ពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចូលរួមគាំទ្រអនុវត្តពីគ្រប់សមាសភាពពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការនានា ដែលបានដាក់ចេញ ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។លោកអភិបាលបន្តថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត លោកសូមចូលរួមអបអរសាទរ និងមានសេចក្ដីសង្ឃឹម ជឿជាក់យ៉ាងមុតមាំថា លោក លោកស្រី អភិបាលរងក្រុង និងនាយករដ្ឋបាលសាលាក្រុងថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកប ដោយការសហការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែក ធ្វើឱ្យការអនុវត្ត ការងារ ក្នុងជួរក្រុមប្រឹក្សា និងគណៈអភិបាលក្រុង កាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល លើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍក្រុង ឱ្យកាន់តែមានការរីកចម្រើន ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន។ជាមួយគ្នានោះ លោកបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា គណៈអភិបាលក្រុង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការិយាល័យ និងអង្គភាពចំណុះសាលាក្រុងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញអភិវឌ្ឍក្រុងឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ។ផ្អែកលើមូលដ្ឋាននេះ លោកសូមផ្តល់នូវចំណុចសំខាន់ៗមួយចំនួនយកទៅអនុវត្តន៍ដូចខាងក្រោម៖ទី១៖ គណៈបញ្ជាការឯកភាពក្រុង ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន សំដៅទប់ស្កាត់នូវសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់អុជអាល បង្កឱ្យមានអំពើហឹង្សា និងភាពចលាចលវឹកវរក្នុងសង្គម។ទី២៖ យកចិត្តទុកដាក់អប់រំណែនាំ បកស្រាយបំភ្លឺឱ្យទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋនូវរាល់សកម្មភាព ដែលមានចរឹកអុជអាលមានហឹង្សា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ទី៣៖ យកចិត្តទុកដាក់ដោះស្រាយជម្លោះ និងការតវាទាមទានានា ដោយផ្អែកលើគោលការច្បាប់។ទី៤៖ ជម្រុញបំផុសចលនាប្រជាពលរដ្ឋ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ទី៥៖ លើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។ទី៦៖ ពង្រឹងរបៀបរបបធ្វើការងារ គោរពបទបញ្ជាផ្ទៃក្នុង ទំនាក់ទំនង និងសាមគ្គីភាព ឯកភាពល្អ។ទី៧៖ ការគ្រប់គ្រង និងការតែងតាំងមន្ត្រីរាជការ ចាំបាច់ត្រូវអនុវត្តតាមច្បាប់ និងនីតិវិធីឱ្យបានម៉ឺងម៉ាត់ ដោយឈរលើគោលការណ៍តម្លាភាព ។ ទី៨៖ បន្តបណ្តុះបណ្តាល កសាង សមត្ថភាពមន្ត្រី នៅតាមអង្គភាព និងបែងចែកតួនាទីភារកិច្ចទៅតាមមុខជំនាញ។ទី៩៖ ចូលរួមសម្អាតបរិស្ថាន អនាម័យនៅក្នុងមូលដ្ឋាន ឱ្យបានល្អសំដៅធ្វើយ៉ាងណាឱ្យក្រុង និងឱ្យខេត្តពោធិ៍សាត់អស់សំរាមនៅឆ្នាំ២០២៦ស្របតាមចក្ខុវិស័យរបស់ខេត្ត ជាមួយគ្នានោះត្រូវដាំដើមឈើឱ្យបានច្រើនតាមទីសាធារណៈ៕