(កំពង់ចាម)៖ ដោយមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ គណបក្សប្រជាជនខេត្តកំពង់ចាម បានប្រារព្ធពិធីសំណេះសំណាល និងបញ្ចូលថ្នាក់ដឹកនាំសមាជិកគណបក្សថ្មី ដែលចាកចេញពីគណបក្សផ្សេងៗ ចំនួន៨១នាក់ ស្រី២៦ មកពី៦ស្រុក រួមមាន៖ ស្រុកបាធាយ-ជើងព្រៃ-ព្រៃឈរ-កំពង់សៀម-ចំការលើ-កងមាស និងស្រុកស្ទឹងត្រង់។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ លោក ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងវត្តមាន សមាជិកគណៈប្រការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សស្រុកទាំង៦ និងក្រុមចលនា កសាងគណបក្ស ដែលមានលោក សួន វ៉ាន់ឡេង ជាប្រធាន និងមន្ត្រីគណបក្សពាក់ព័ន្ធជាច្រើនទៀត។នាឱកាសនោះ លោក អ៊ុន ចាន់ដា បានសម្តែងនូវការរីករាយស្វាគមន៍យ៉ាងកក់ក្តៅ ជាមួយសមាជិក សមាជិកាថ្មី ទាំង៨១រូប ដែលបានភ្ញាក់រលឹកចាកចេញពីគណបក្សផ្សេងៗ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានយកឱកាសនោះ រំលឹកអំពីប្រវត្តិ រចនាសម្ព័ន្ធ និងបេសកកម្ម របស់គណបក្សប្រជាជនកម្ពុជា ក្នុងការតស៊ូប្រឆាំអាណានិគមគ្រប់ប្រភេទ ដណ្ដើមឯករាជ្យ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ស្ដារកសាងប្រទេស បញ្ចប់សង្គ្រាម ដាក់ចេញគោលនយោបាយឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យ សុខសន្តិភាព និងវឌ្ឍនភាព រហូតបច្ចុប្បន្ន។ជាមួយគ្នានោះ លោកប្រធានគណបក្សខេត្ត សូមឲ្យសមាជិក សមាជិកាទាំងអស់ បន្តថែរក្សាសុខសន្តិភាព ចូលរួមកសាងអភិវឌ្ឍប្រទេសជាតិ កុំជឿតាមការឃោសនាញុះញង់ របស់ពួកប្រឆាំងជ្រុលនិយម និងត្រូវបោះឆ្នោតគាំទ្រគណបក្សប្រជាជននៅគ្រប់ការបោះឆ្នោត, ត្រូវហ៊ានតស៊ូមតិ វាយបករាល់ការឃោសនា មួលបង្កាច់របស់បក្សប្រឆាំងជ្រុលនិយមអគតិ។ ដោយឡែក ចំពោះបច្ចុប្បន្នភាព នៃសភាពការណ៍ព្រុំដែនកម្ពុជា-ថៃ សូមបន្តការជឿជាក់គាំទ្ររាជរដ្ឋាភិបាល និងកងទ័ពរបស់យើង ដែលមានគោលជំហរម៉ឺងម៉ាត់ប្តូរផ្តាច់ ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី ជូនជាតិ មិនឲ្យមានការបាត់បង់។ចំពោះគណបក្សនៅមូលដ្ឋាន លោក អ៊ុន ចាន់ដា បានណែនាំឲ្យបន្តគ្រប់គ្រងជីវភាពនយោបាយរបស់បងប្អូន ដោយកុំឲ្យមានការរើសអើង និងអញ្ជើញបងប្អូនចូលរួមរាល់កិច្ចប្រជុំនានា របស់គណបក្ស និងក្រុមការងារនៅមូលដ្ឋាន ដើម្បីបានជ្រួតជ្រាបអំពីបញ្ហារបស់ប្រទេសជាតិ ព្រមទាំងសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាលសម្រេចបាន៕