អភិបាលខេត្តកំពង់ធំ អំពាវនាវ៥ចំណុច ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥

Wait 5 sec.

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈបង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដោយមានការអញ្ជើញចូលរួម ពីលោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ ប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត សិស្ស និស្សិតប្រមាណជាង១,០០០នាក់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។លោកបានលើកឡើងថា កម្មវិធីបណ្ដុះបណ្ដាល ត្រូវបានរៀបចំឱ្យមានស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដើម្បីផ្តល់លទ្ធភាពទទួលបានការបណ្តុះបណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលពង្រីក ការផ្តល់អាហារូបករណ៍ កាន់តែច្រើនឡើងសម្រាប់យុវជនដែលបានបោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្ត្រី ជនពិការ កុមារកំព្រា ជនជាតិដើមភាគតិច ជនងាយរងគ្រោះ និងកម្មករនិយោជិក។ជាលទ្ធផល រយៈពេល៥ឆ្នាំចុងក្រោយនេះមានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិកជាង២០ ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាល និងបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងការទទួលជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ដោយចាប់យកឱកាសការងារល្អៗ ក៏ដូចជាបង្កើតមុខរបរដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិបានយ៉ាងច្រើន។លោក នួន ផារ័ត្ន អំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធឱ្យចូលរួម៖១៖ បន្តថែរក្សាសន្តិភាព និងស្ថេរភាពនៅកម្ពុជាដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍមូលធនមនុស្សពោពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការ បង្កើតការងារថ្មីៗកាន់តែល្អ និងរក្សាការងារដែលមានស្រាប់សំដៅបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។២៖ បន្តគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ នៃការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ប្រកបដោយ ចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ។៣៖ អាជ្ញាធរឃុំ-សង្កាត់ត្រូវបន្តជំរុញលើកទឹកចិត្ត ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ និង បង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឲ្យមានចំណេះដឹង ជំនាញច្បាស់លាស់ដូចដែល ប្រធានបទនៃទិវាជាតិនេះបានលើកឡើងថា - TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន។៤៖ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជនព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសប្រព័ន្ធ ផ្សព្វផ្សាយក្នុងខេត្តកំពង់ធំយើង សូមបន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹងនូវសារៈសំខាន់នៃវិស័យនេះជូនសាធារណៈជន។៥៖ គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាលដៃគូអភិវឌ្ឍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការផ្សព្វផ្សាយទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន” នេះឲ្យបានផុល ផុសនិងឱឡារិកទូទាំងខេត្ត និងប្រទេសតាមប្រព័ន្ធផ្សព្វផ្សាយនានា៕