គិតត្រឹមម៉ោង១២៖៣០នាទី! កិច្ចប្រជុំចង្អៀតរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ថ្ងៃទី២ មិនទាន់បញ្ចប់នៅឡើយទេ, ប្រជុំផ្លូវការត្រូវអូសបន្លាយពេល

Wait 5 sec.

(ភ្នំពេញ)៖ គិតត្រឹមម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ កិច្ចប្រជុំចង្អៀតរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ថ្ងៃទី២ នៅរាជធានីភ្នំពេញ មិនទាន់បញ្ចប់នៅឡើយទេ ខណៈការប្រជុំនេះបានចាប់ផ្ដើមតាំងពីអំឡុងម៉ោង៩ព្រឹកមកម្ល៉េះ។កិច្ចប្រជុំចង្អៀតនៅថ្ងៃនេះ បានចំណាយពេលវេលាយូរជាងថ្ងៃទី១៤ ខែមិថុនាម្សិលមិញ ដូច្នេះហើយកិច្ចប្រជុំផ្លូវការនៅថ្ងៃទី២ ក៏ត្រូវបានអូសបន្លាយពេលវេលា និងមិនទាន់ច្បាស់លាស់ថាត្រូវចាប់ផ្ដើមនៅពេលណាដែរ ពោលរង់ចាំការបញ្ចប់កិច្ចប្រជុំចង្អៀត។សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News នៅទីតាំងប្រជុំដែលប្រព្រឹត្តទៅនាសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ បានបញ្ជាក់ថា អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើនស្ថាប័ន កំពុងរង់ចាំផ្ដិតយករូបភាព និងខ្លឹមសារនៃកិច្ចប្រជុំចង្អៀត ក៏ដូចជាកិច្ចប្រជុំផ្លូវការនៅមុខបន្ទប់ប្រជុំកាលពីម្សិលមិញយ៉ាងអន្ទះសារ។ យ៉ាងណាមិញ របៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃនេះ ក៏មិនទាន់ត្រូវបានមន្ដ្រីបញ្ជាក់ឲ្យដឹងនោះដែរ។កិច្ចប្រជុំនេះ ភាគីកម្ពុជាបន្ដដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ។លោក ឡាំ ជា នៅក្នុងពេលធ្វើដំណើរទៅកាន់បន្ទប់ប្រជុំចង្អៀត បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា នឹងមានការចុះហត្ថលេខាមួយនៅពេលបញ្ចប់កិច្ចប្រជុំ ប៉ុន្ដែលោកមិនបានបញ្ជាក់ថា អ្វីដែលជាកម្មវត្ថុនៃការចុះហត្ថលេខានោះទេ។សូមជម្រាបថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្ងៃទី១ កាលពីម្សិលមិញ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ដោយខ្លីថា «កិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន»។ លោករដ្ឋមន្ត្រី ឡាំ ជា មិនបានផ្តល់អត្ថាធិប្បាយអ្វីច្រើនលើកិច្ចប្រជុំនេះទេ៕