TOP NEWS: លោក ម៉ាក្រុង បញ្ជាក់ថា បារាំង អាចសម្របសម្រួលផ្តល់ឯកសារដល់ភាគីកម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន ក្នុងករណីចាំបាច់

Wait 5 sec.

(ភ្នំពេញ)៖ ប្រធានាធិបតីបារាំង លោក Emmanuel MACRON បានអះអាងថា បារាំងអាចជួយសម្របសម្រួលផ្តល់ឯកសារដល់ភាគីកម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន ក្នុងករណីចាំបាច់ ដែលការបញ្ជាក់បែបនេះ បានធ្វើឡើង ក្នុងជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងនីស ប្រទេសបារាំង។ នេះបើតាម លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ។ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានសង្ខេបអំពីលទ្ធផល នៃរបស់សម្តេចបវរធិបតី ទៅកាន់ទីក្រុងនីសប្រទេសបារាំង ដោយលោកអះអាងថា សម្តេចបានជួបជាមួយមេដឹកនាំមួយចំនួន ជាពិសេសប្រធានាធិបតីបារាំង។លោកថា ក្នុងជំនួបជាមួយមេដឹកនាំបណ្តាប្រទេសជាមិត្ត និងដៃគូរបស់កម្ពុជា ជាពិសេសប្រធានាធិបតីបារាំង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីជំហរកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដែលជំហរនេះ សម្តេចក៏បានបញ្ជាក់ប្រាប់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីពេលថ្មីៗនេះផងដែរ។លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់បន្ថែមថា៖ «យ៉ាងហោចណាស់ជាមួយប្រធានាធិបតីបារាំង ជាការពិតសម្តេចបានលើកឡើងពីរឿងរ៉ាវបច្ចុប្បន្នរវាងកម្ពុជា និងថៃ ប៉ុន្តែខ្ញុំសូមឡើងយ៉ាងទទូចថា សម្តេចបវរធិបតី លើកឡើងពីបញ្ហាកម្ពុជាថៃ នៅចំពោះមុខ​ប្រធានាធិបតីបារាំងម៉ាក្រុង ដើម្បីបញ្ជាក់ពីគោលជំហររបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ គ្មានឡើយគោលដៅផ្សេងៗ»។គោលជំហរ៤ចំណុចរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់កន្លងមកក្នុងនោះរួមមានដូចជា៖ទី១៖ កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃទី២៖ ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីអោយបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាអោយនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មីទី៣៖ បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃនិងទី៤៖ បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។លោកហ្សង់ បានបញ្ជាក់ទៀតថា៖ «សម្តេចបវរធិបតី លើកឡើងពីបញ្ហាទាំងនេះ ចំពោះមុខប្រធានាធិបតីម៉ាក្រុង គឺដើម្បីតែគោលដៅមួយគត់ នោះគឺបញ្ជាក់ពីគោលជំហររបស់ប្រទេសកម្ពុជា នៅក្នុងរឿងរ៉ាវហ្នឹង មិនមែនសម្រាប់គោលដៅអីផ្សេងទេ ម្ល៉ោះហើយយើងក៏មិនបានទន្ទឹងរង់ចាំចម្លើយបញ្ជាក់ច្បាស់ពីប្រធានាធិបតីម៉ាក្រុងដែរ យ៉ាងណាក៏ដោយ ខ្ញុំសូមអះអាងថា ប្រធានាធិបតីបារាំងម៉ាក្រុង បានថ្លែងបញ្ជាក់ថា​ បារាំងអាចជួយសម្រួល ជាអាទិ៍តាមរយៈការផ្តល់ឯកសារ ឯកសារនេះឬឯកសារនោះ ដល់ភាគីទាំងពីរ​ ដល់ថៃផងដល់កម្ពុជាផង បើសិនជាមានការចាំបាច់»។សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួម ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ ដែលធ្វើឡើង នៅទីក្រុងនីស ប្រទេសបារាំង ចាប់ពីថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥៕