ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ ជាង១០ឆ្នាំនេះ វិស័យស្រូវអង្ករកម្ពុជា ប្រមូលចំណូលបានជាង២ពាន់លានដុល្លារ និងដើរតួរនាទីសំខាន់ ក្នុងការទ្រទ្រង់វិស័យសន្ដិសុខស្បៀង

Wait 5 sec.

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា រយៈពេលជាង១០ឆ្នាំមកនេះ ពោលចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៤ វិស័យស្រូវអង្ករកម្ពុជា ប្រមូលចំណូលបានប្រមាណ២ពាន់លានដុល្លារអាមេរិក។លើសពីនោះទៀត ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា រយៈពេលជាង១០ឆ្នាំមកនេះ វិស័យស្រូវអង្ករកម្ពុជា បានដើរតួរនាទី ជាសសរស្ដម្ភមួយយ៉ាងសំខាន់ ក្នុងការទ្រទ្រង់វិស័យសន្ដិសុខស្បៀង និងសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា។ថ្លែងក្នុងពិធីខួប១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា «រយៈពេលជាង១០ឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករជាង៦.៥៩លានតោន និងស្រូវជាង៥លានតោន ដែលទទួលបានប្រាក់ចំណូលសរុប ប្រមាណជាង២ពាន់លានដុល្លារ»។ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានឲ្យដឹងទៀតថា វិស័យស្រូវអង្ករកម្ពុជា ក៏បានធ្វើឲ្យមានលំនឹងសន្ដិសុខស្បៀង និងពង្រីកសក្ដានុពលពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ជាបន្ដបន្ទាប់ហូរហែរផងដែរ។បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានលើកឡើងថា វិស័យស្រូវអង្ករកម្ពុជា បានទាញយកអ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេស ដែលបានជំរុញវិស័យនេះ មានការវិនិយោគយ៉ាងគំហុក ពីរោងម៉ាស៊ីនកិនស្រូវ១០ទីតាំង បានកើនដល់ជាង៨០ទីតាំង និងបានបំពាក់ឧបករណ៍បច្ចេកវិទ្យាទំនើបៗ ចុងក្រោយ។បើតាមឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ក្នុងរយៈពេល១០ឆ្នាំនេះ សហព័ន្ធស្រូវអង្ករកម្ពុជា មានសមាជិកសកម្ម៣០១ ដែលក្នុងនោះ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ និងមានរោងម៉ាស៊ីនកិនស្រូវ៨៧ រោងម៉ាស៊ីនកិនស្រូវ១២៥ សហគមន៍៥៦ និងសហគ្រាសផ្សេងៗ ដែលទ្រទ្រង់ដល់វិស័យស្រូវអង្ករចំនួន៣៣។ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា តាមរយៈសហគ្រាសទាំងនេះ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ៦.៥៩លានតោន (២០១៤-២០២៤) ទៅកាន់១២៣ គោលដៅ។ក្រៅពីការចេញអង្ករកម្ពុជា ក៏បាននាំចេញស្រូវ ប្រមាណជាង ២១.៤៥ តោន (២០១៨-២០២៤) ដែលនេះ ជាសមិទ្ធផលរបស់វិស័យស្រូវអង្គរកម្ពុជាស្ថិតក្នុង យុគ្គសម័យសន្តិភាព ដែលបានដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយបានបន្តដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕