(កណ្ដាល)៖ លោក Tull Traisorat ឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានដាក់ក្ដីរំពឹងថា ជើងហោះហើរត្រង់ រវាងកម្ពុជា-ថៃ នឹងមានការកើនឡើង ស្របពេលព្រលានយន្ដហោះអន្ដរជាតិតេជោ នឹងបើកដំណើរការ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជា ដឹកនាំគណៈប្រតិភូ មកពីស្ថានទូតថៃប្រចាំនៅកម្ពុជា និងគណៈប្រតិភូធុរកិច្ចថៃ ចុះទស្សនកិច្ច លើវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ។លោក Tull Traisorat បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំនេះ គឺជាឆ្នាំទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសថៃ-កម្ពុជា ដូច្នេះហើយ លោករំពឹង និងចង់ឲ្យមានការបង្កើន ជើងហោះហើរត្រង់ បន្ថែមទៀត ឱ្យបានកាន់តែច្រើនថែមទៀត ជាពិសេសពីតំបន់ផ្សេងៗ ដែលមិនទាន់បានភ្ជាប់គ្នា ដូចជាតំបន់កោះសំខាន់ៗ របស់ថៃមកកម្ពុជា»។ជាមួយគ្នានេះ លោក Tull Traisorat ក៏សូមចូលរួមសម្ដែងការអបអរសាទរយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតឡើង នូវសមទ្ធិផលព្រលានយន្ដហោះដ៏អស្ចារ្យ ដែលយើងបានដឹងហើយថា បានរចនាដោយស្ថាបត្យករដ៏ល្បីល្បាយនៅលើពិភពលោក។ឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជា បានលើកឡើងថា នេះគឺជាលើកទី១ ដែលបានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងអំឡុងពេល ដែលកំពុងដំណើរការសាងសង់ នឹងត្រៀមបើកដំណើរការ នៅខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ទន្ទឹមគ្នានេះ លោក Tull Traisorat ក៏បានបង្ហាញនូវក្តីរំភើប និងចូលរួមត្រេកអរ ជាមួយនឹងអ្វីដែលប្រទេសកម្ពុជា កំពុងសម្រេចបាន ដែលជាសមទ្ធផលដ៏អស្ចារ្យ និងប្រវត្តិសាស្ត្រថ្មីមួយ របស់កម្ពុជា។លោក Tull Traisorat បានកត់សម្គាល់ផងដែរ អំពីរចនាបទ អាកាសយានដ្ឋានអន្តរជាតិតេជោរបស់ខ្មែរ និងចាប់អារម្មណ៍ជាខ្លាំង ទៅលើរចនាសម្ព័ន្ធជារួម របស់អាកាសយានដ្ឋានថ្មី នេះតែម្តង ដោយលោកជឿជាក់ថា នឹងបង្កលក្ខណៈកាន់តែងាយស្រួល ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ នៅពេលអាកាសយានដ្ឋានថ្មីនេះ បើកដំណើរការ។លោកបានបញ្ជាក់ថា ការចុះទស្សនកិច្ចនេះ គឺជាឱកាសមួយ ក្នុងការស្វែងរកការវិនិយោគ និងកិច្ចសហការគ្នាណាមួយ រវាងក្រុមហ៊ុនពីប្រទេសថៃ ជាមួយក្រុមហ៊ុនក្នុងស្រុក នៃប្រទេសកម្ពុជា ជាពិសេសកិច្ចសហប្រត្តិបត្តិការណាមួយ ជាមួយអាកាសយានដ្ឋានអន្តរជាតិតេជោតែម្តង ពោលទៅលើអាជីវកម្មចំណីអាហារ និងភេសជ្ជៈជាដើម។សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា បានប្រកាសថា ការបើកឱ្យប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធ ជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕