លោក នួន ផារ័ត្ន នាំយកសម្ភារ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

Wait 5 sec.

(កំពង់ធំ)៖ លោក នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បាននាំយកសំភារៈ និងថវិកា មានអង្ករចំនួន ១០តោន អង្រឹងមានមុងសម្រាប់កងទ័ព ចំនួន ២០០ អង្រឹង ថវិកាចំនួន​ ១៨,០០០,០០០​ រៀល​ និង​ប្រេង​សាំង​ចំនួន ១,០០០​ លីត្រ​ ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។ ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងសុន្ទរកថាស្វាគមន៍ និងបានរាយការណ៍អំពីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ពិសេសភារកិច្ចរបស់កងកម្លាំងអន្តរាគមន៍ ដែលបច្ចុប្បន្នកំពុងត្រៀមបម្រុង ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងភារកិច្ចការពារបូរណភាពទឹកដី ភារកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជាកម្លាំងស្នូលក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។លោក នួន ផារ័ត្ន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចសហប្រតិបត្តិការ ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ពិសេសជាកម្លាំងស្នូលក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។លោកបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងភារកិច្ចការពារជាតិសាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី ព្រមទាំងត្រូវត្រៀមកម្លាំងគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងរដូវវស្សាខាងមុខនេះ និងបន្តចូលរួមអនុវត្តក្នុងភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យទទួលលទ្ធផលល្អបន្ថែមទៀត។ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឲ្យនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះលោក នួន ផារ័ត្ន ដែលតែងតែបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងក្នុងការជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗ ជូនដល់អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ៕