(កំពត)៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងនគរបាលចរាចរណ៍ក្រុងកំពត ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរ ចំពោះអ្នកបើកបរម៉ូតូ ដោយគ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់ និងគ្មានស្លាកលេខ នៅលើកំណត់ផ្លូវជាតិលេខ៣ (កំពត-ព្រះស៊ីហនុ) ត្រង់រង្វង់មូលមិត្តភាពកម្ពុជាកូរ៉េ (រង្វង់មូលទឹករលក) ស្ថិតក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងលើ សមត្ថកិច្ចចរាចរ គឺមានវិធានការផាកពិន័យ ដោយគ្មានការលើកលែងទៀតទេ សម្តៅកាត់បន្ថយនូវការកើតគ្រោះថ្នាក់ចរាចរ ដែលកើតមានឡើង ជាយថាហេតុ នៅក្នុងភូមិសាស្ត្រនៃក្រុងកំពត ក៏ដូចជាទូទាំងខេត្តកំពតផងដែរ។ ចំពោះពលរដ្ឋអ្នកប្រើប្រាស់ផ្លូវសាធារណៈ ដោយមិនគោរពច្បាប់ចរាចរណ៍ជាពិសេសការពាក់មួកសុវត្ថិភាពក្នុងការបើកបរ ម៉ូតូគ្មានផ្លាកលេខម៉ូតូមិនមានកញ្ចក់ជាដើម។មុននឹងចុះអនុវត្តការត្រួតពិនិត្យ និងរឹតបន្តឹងនូវការបើកបរទោចក្រយាន(ម៉ូតូ) ដោយគ្មានមួកសុវត្ថិភាពនេះ លោកឧត្តមសេនីយទោស្នងការខេត្ត បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជាមុន ជាញឹកញាប់។ ពេលនេះ ចំពោះបងប្អូន ដែលបើកបរមិនពាក់មួកសុវត្ថិភាព និងម៉ូតូគ្មានកញ្ចក់ គ្មានផ្លាកលេខ គឺត្រូវសមត្ថកិច្ចអនុវត្តទៅតាមច្បាប់ ដោយផាកពិន័យ។លោកវរ:សេនីយ៍ទោ ស៊ូ វណ្ណាតនាយរងការិយាល័យនគរបាលចរាចរផ្លូវគោកខេត្ត និងជាអ្នកដឹកនាំកម្លាំងអនុវត្តគោលដៅ បានឲ្យដឹងថា ជុំវិញការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរប្ដូកគោក នាពេលនេះ គឺក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ដោយកាលពី ២សប្តាហ៍កន្លងទៅ លោកស្នងការ បានបើកយុទ្ធនាការ ចុះផ្សព្វផ្សាយពីច្បាប់ចរាចរផ្លូវគោក ព្រមទាំងបានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក អស់ជាច្រើន ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ផ្ដល់ជូននូវមួក និងកញ្ចក់ម៉ូតូផងដែរ។នៅថ្ងៃនេះផងដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បានអំពាវនាវដល់ពលរដ្ឋ ត្រូវចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា ជៀសវាងកុំឲ្យកងកម្លាំងជំនាញ ធ្វើការផាកពិន័យ ដែលគិតជាទឹកប្រាក់ អស់ប្រាំមួយមុឺនរៀល សូមបងប្អូនយើង ពាក់មួកសុវត្ថិភាព នៅពេលបើកបរម៉ូតូទាំងអស់គ្នា៕