(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានបន្ដឧបត្ថម្ភថវិកាចំនួន ១លានដុល្លារអាមេរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងក្រោមវត្ដមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ការឧបត្ថម្ភគាំទ្រជួយដល់កុមារកម្ពុជាចំនួន ១លានដុល្លារ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជានាពេលនេះ គឺជាលើកទី៨ ហើយថវិកានេះក៏ត្រូវបានប្រគល់បន្ដជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដែលតំណាងដោយ លោកវេជ្ជ. Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស រួមជាមួយលោកសាស្ត្រាចារ្យគី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងលោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ខេត្តសៀមរាប)។ ដូច្នេះនេះជាលើកទី១៤ហើយ គិតចាប់តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៥នេះ ដែលកាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ សម្រាប់ជួយកម្ពុជា ដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។ក្នុងឱកាសជួបសវនាការនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានសម្តែងនូវទឹកចិត្ដប្រកបដោយសេចក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា។លោកជំទាវបណ្ឌិត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ បរិច្ចាគនូវកម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ដើម្បីផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ កុមារ និងទារកកម្ពុជារាប់ម៉ឺន រាប់សែននាក់នៅទូទាំងប្រទេស។ជាមួយគ្នានោះលោកជំទាវបណ្ឌិត ក៏គូសរម្លឹកផងដែរថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកក៏ជាគ្រូពេទ្យ ជាម្តាយ និងជាលោកយាយមួយរូប ដូចនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានយល់ច្បាស់ពីតម្រូវការ ដូចនេះហើយបានជាសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្ដាំផ្ញើទោះក្នុងកាលៈទេសៈណា ក៏មិនត្រូវខកខានក្នុងការជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីផ្ដល់ក្ដីសង្ឃឹម និងស្នាមញញឹមដល់កុមារកម្ពុជាយើង»។នាឱកាសនោះលោកសាស្ត្រាចារ្យ គី សន់ទី តំណាងឱ្យមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកម្ពុជា ក៏ដូចជាអាណាព្យាបាលរបស់កុមារ ដែលធ្លាប់យកកូនៗមកពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ សូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទំហំទឹកចិត្ដប្រកបដោយព្រហ្មវិហារធម៌ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាគុណតម្លៃមួយដ៏ធំធេង និងមិនកាត់ថ្លៃបាន ដែលជួយសង្គ្រោះកុមារកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុត ដោយមិនទុកឱ្យប្រជាជនឱ្យនៅរងារ ឯកការ មិនទទួលបានការជួយសង្គ្រោះនោះឡើយ។លោកសាស្ដ្រាចារ្យក៏បានគូសរម្លឹកដែរថា សម្រាប់ការមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៥នេះ បានចំណាយថវិកាប្រមាណ ១៨លានដុល្លារអាមេរិក ក្នុងការថែទាំព្យាបាលទារក កុមារ និងស្ត្រីមានផ្ទៃពោះ។ ដូច្នេះថវិកាឧបត្ថម្ភចំនួន ១លានដុល្លាររបស់កាកបាទក្រហមកម្ពុជានៅពេលនេះ គឺបានសង្គ្រោះជីវិតកុមារ និងស្ដ្រីមានផ្ទៃពោះ ប្រមាណជាង ៣៥,០០០នាក់។ឆ្លៀតក្នុងឱកាសនោះដែរលោកស្រី ប៉ែន សុបភា តំណាងឱ្យមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែបាននាំភាពញញឹមដល់ទារក និងកុមារកម្ពុជា តាមរយៈការផ្តល់វិភាគទានចូលមូលនិធិគន្ធបុប្ផាកម្ពុជា ជាប្រចាំ ដើម្បីជាប្រយោជន៍សម្រាប់ទារក និងកុមារកម្ពុជារាប់លាននាក់នៅកម្ពុជា ដែលនេះបានបង្ហាញពីការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពទារក និងកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។ជាងនេះទៅទៀត លោកស្រី ប៉ែន សុបភា បានគូសរម្លឹកពីថ្ងៃកកើតឡើងនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេជាស្ថាបនិករបស់មូលនិធិ ហើយបន្តមក គឺមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនៅតែបន្តជាក្តីសង្ឃឹមដល់កុមារកម្ពុជា។ជាក់ស្តែងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលការគាំទ្រពីមហាចលនាកម្លាំងមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី «ខែ្មរជួយខ្មែរ» ដែលនាំមកនូវក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះនៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕