(ភ្នំពេញ)៖ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា កត្តា៣យ៉ាងសំខាន់ ដែលចូលរួមធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា គឺអាចបន្តនិរន្តរភាពអាចជួយសង្រ្គោះជីវិត ទារក កុមារ បានរាប់សែននាក់ ហើយផ្តល់ភាពជឿជាក់ពីឪពុកម្ដាយគ្រប់ៗគ្នាទៅដល់មន្ទីរពេទ្យ ក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ។ការថ្លែងយ៉ាងដូច្នេះរបស់លោកជំទាវបណ្ឌិត ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅរមណីយដ្ឋានវត្តភ្នំ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។លោកជំទាវបណ្ឌិតបានគូរសបញ្ជាក់ថា កត្តា ៣យ៉ាងសំខាន់នោះ ដែលចូលរួមធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា គឺអាចបន្តនិរន្តរភាពអាចជួយសង្រ្គោះជីវិត ទារក កុមារ បានរាប់សែននាក់ មកដល់ថ្ងៃនេះគឺ៖* កត្តាទី១ «ឆន្ទៈ» និងភាពទទួលខុសត្រូវរបស់ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ដែលធ្វើការក្នុងមន្ទីរពេទ្យគន្ធបុប្ផា* កត្តាទី២ «ថវិកា» ពីព្រោះមន្ទីរពេទ្យគន្ធបុប្ផា ព្យាបាលដោយមិនគិតថ្លៃ ទាំងពិគ្រោះជំងឺ ទាំងផ្តល់សេវា ទាំងផ្ដល់ថ្នាំ..(ល)* កត្តាទី៣ «ការលើកទឹកចិត្ត» ព្រោះត្រូវការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋយ៉ាងសំខាន់ក្នុងការចូលរួម យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»លោកជំទាវបានថ្លែងទៀតថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គឺគ្រាន់ជាឈ្មោះយុទ្ធនាការតែប៉ុណ្ណោះ ដូច្នេះសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋ អាចចូលរួមបរិច្ចាគថវិកាបានតាមសទ្ធាជ្រះថ្លា ។ក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង-ស្ថាប័ន ឯកជន មានម្ចាស់ក្រុមហ៊ុន-សហគ្រាស សប្បុរស-ជន ព្រមទាំង តំណាងអាណាព្យាបាលទារក និង កុមារ ដែលធ្លាប់ទទួលបានការពិនិត្យ នៅមន្ទីរពេទ្យគន្ធបុប្ផា បានចូលរួមបរិច្ចាគថវិកាជាបន្ដបន្ទាប់មកនេះ។មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យបង្គោលមួយក្នុងចំណោមមន្ទីរពេទ្យរបស់ជាតិ នៅក្នុងការព្យាបាល និងសង្គ្រោះកុមារកម្ពុជា រាប់សែននាក់ក្នុងមួយឆ្នាំៗ។ គិតមកដល់ពេលនេះ មន្ទីរពេទ្យគន្ធបុប្ផាបានដំណើរការចំនួន ៣៣ឆ្នាំមកហើយចាប់ផ្តើមដំណើរការឡើងវិញ កាលពីឆ្នាំ ១៩៩២ ក្រោមការដឹកនាំ របស់ លោកវេជ្ជ-បណ្ឌិត បេអាត រិចឈ្នឺរ និង ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានព្យាបាល និងសង្គ្រោះកុមារកម្ពុជារាប់មិនអស់។ទន្ទឹមនឹងនោះលោកជំទាវបានប្ដេជ្ញាចិត្ដយ៉ាងមុតមាំថា និងជួយជ្រោមជ្រែងឱ្យអស់ពីលទ្ធភាពក្នុងការគាំទ្រ ដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ឱ្យបានយូរអង្វែងតរៀងទៅ។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានកោតសរសើរអស់ពីចិត្ដ ជូនចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាគ្រប់ជាន់ថ្នាក់ ដែលបានបំពេញការងារយ៉ាងវិសេសវិសាល និងបានជោគជ័យ ដោយទទួលបាននូវទំនុកចិត្ដពីប្រជាជនរហូតមកដល់បច្ចុប្បន្ន៕