(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល២០ខែ នៃការកាន់តំណែងជានាយករដ្ឋមន្រ្ដី សម្ដេចបានជួបនូវបញ្ហាប្រឈម និងវិញ្ញាសាជាច្រើន ក្នុងនោះក៏ដោះស្រាយបានជាបន្តបន្ទាប់។ក្នុងសមាជនៅថ្ងៃទី២ ដោយជជែកអំពីប្រព័ន្ធកសិកម្ម នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន មាណែត បានថ្លែងឲ្យដឹងថា សម្រាប់រយៈពេល២០ខែ នៃរាជរដ្ឋាភិបាលថ្មីនេះ ពិតណាស់២០ខែពោរពេញដោយប្រធានបទ និងវិញ្ញាសាថ្មីៗ សម្រាប់រាជរដ្ឋាភិបាល ដោយចាប់ផ្ដើមពីដំណាក់កាលមិនច្បាស់លាស់មួយ នៃស្ថានភាពសេដ្ឋកិច្ច ដែលបន្សល់ទុកពីសម័កូវីដ១៩ ដែលកើតចេញពីអតិផលរណា និងសង្គ្រាម ពិសេសពាក់ព័ន្ធនឹងវិស័យជាច្រើនដូចជា វិស័យទេសចរណ៍, វិស័យអចលនទ្រព្យ ដែល២០ខែមុន ដែលស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ប៉ុន្ដែទោះជាយ៉ាងណាមកដល់ពេលនេះ យើងមានស្ថេរភាព ព្រមទាំងបន្ដការដោះស្រាយដើរទៅមុខ។សម្តេចមហាបវរធិបតី ហ៊ុន មាណែត បានបន្ដថា រាជរដ្ឋាភិបាលបានបន្តដោះស្រាយបាននូវវិញ្ញាសាមួយទៀត គឺថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ជាវិញ្ញាសារមួយទាក់ទងនឹងការថែរក្សា ស្ថេរភាពសន្ដិសុខរបស់កម្ពុជា ប្រឈមនឹងការប៉ុនប៉ងការប្រឆាំងរដ្ឋាភិបាលក្រោមមធ្យោបាយហិង្សា លើប្រធានបទពាក់ព័ន្ធនឹង CLV-DTA ដោយយើងបានអនុវត្តន៍កិច្ចការងារនេះ បានដោយជោគជ័យ។សម្តេចមហាបវរធិបតីបានបន្ដថា បញ្ហាថ្មីដែលបានកើតឡើង គឺការប្រឈមនឹងពន្ធសាកលរបស់សហរដ្ឋអាមេរិក ហើយថ្ងៃទី៤ ខែមិថុនាស្អែកនេះ ក្រុមការងាររបស់យើង ដឹកនាំដោយឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ត្រៀមចរចារជុំទី២ នៅសហរដ្ឋអាមេរិក ហើយវិញ្ញាសាថ្មីដែលកំពុងប្រឈម និងកើតឡើងនេះគឺបញ្ហាពាក់ព័ន្ធនឹងព្រំដែន។សម្តេចមហាបវរធិបតី ហ៊ុន មាណែត បានបញ្ជាក់ថា «នៅរយៈពេល២០ខែនេះ គឺយើងប្រមូលផ្ដុំនូវិញ្ញាសាប្លែកៗ និងថ្មីៗ ប៉ុន្ដែវិញ្ញាសារទាំងនេះបានធ្វើឲ្យក្រុមថ្មីរបស់យើង ទទួលបាននូវឱកាសប្រឈម និងដោះស្រាយ ដើម្បីធានានូវការវិវត្តន៍បន្ដទៀត។ ទោះបីជាមានបញ្ហាប្រឈមទាំងនេះ ក៏យើងបានបន្ដដំណើរឆ្ពោះទៅមុខ ប្ដេជ្ញាខ្ពស់ក្នុងការបន្ដបង្កើននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត»។សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំជំនាន់មុន ដែលបានខិតខំកសាងត្រួតត្រាយផ្លូវ និងកសាងមូលដ្ឋានសន្តិភាពបានយ៉ាងរឹងមាំដល់ រាជរដ្ឋាភិបាលថ្មី៕