(ភ្នំពេញ)៖ ទិន្នន័យដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានបញ្ជាក់ថា នៅពាក់កណ្តាលឆ្នាំ២០២៥នេះ មានអ្នកដំណើរតាមផ្លូវអាកាស (ទ្វេទិស) មានប្រមាណ ៣.៤២ លាននាក់ ធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា មានកំណើន១៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤។លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លើកឡើងពីកត្តាធំៗចំនួន៣ ដែលជំរុញឱ្យមានកំណើនភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវអាកាសកម្ពុជា ជួយជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច។កត្តាទាំងបីនោះរួមមាន៖ ទី១-ការងើបឡើងវិញយ៉ាងខ្លាំង នៃចំនួនអ្នកទេសចររបស់ប្រទេសចិន ដែលធ្វើដំណើរចេញក្រៅប្រទេស។ ទី២-និរន្តរភាពតម្រូវការធ្វើដំណើរតាមផ្លូវអាកាស ក្នុងតំបន់ជាអាទិ៍ពីប្រទេសថៃ វៀតណាម កូរ៉េ និងជប៉ុន។ល។ និងទី៣- ការបន្ធូរបន្ថយការរឹតបន្តឹងក្នុងការធ្វើដំណើរ និងការស្តារ និងពង្រឹងសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ឡើងវិញ។បើតាមអ្នកនាំពាក្យដដែលរូបនេះ ប្រទេសដែលរួមចំណែកច្រើនជាងគេ នៃចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសមកកម្ពុជា រួមមាន៖ ចិន ថៃ វៀតណាម កូរ៉េ ជប៉ុន សហរដ្ឋអាមេរិក និងអឺរ៉ុប។ដោយឡែកសម្រាប់អ្នកដំណើរតាមផ្លូវអាកាសក្នុងស្រុកវិញ ក្នុងរយៈពេល៦ ខែដើមឆ្នាំ២០២៥នេះ មានអ្នកចំនួន ៦៨ម៉ឺននាក់។គួររំលឹកថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស សរុបចំនួន ៦ ២៤១ ៨៤២ នាក់ កើនឡើងជាង២២% បើធៀបនឹងឆ្នាំ២០២៣ និងទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង កើនឡើងជាង១៤%៕