(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នេះ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានកោះហៅម្ចាស់គណនី Facebook JCAP Cambodia ដែលបានធ្វើការផ្សព្វផ្សាយលក់ស្បែកហ្វាំងរថយន្ត MAZDA ផ្ទុយពីការពិត និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ របស់ក្រុមហ៊ុន HGB Auto ដើម្បីធ្វើការអប់រំ និងណែនាំ។សមត្ថកិច្ចបានពន្យល់ដល់ម្ចាស់គណនី Facebook JCAP Cambodia ឲ្យបានយល់ដឹងពីផ្លូវច្បាប់ លើសិទ្ធិដែលក្រុមហ៊ុន HGB Auto បានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្នុងការនាំចូល ចែកចាយផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់ម៉ាក MAZDA រួមនឹងម៉ាកដទៃទៀត យកមកលក់ក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា។ដូច្នេះសូមម្ចាស់គណនី Facebook JCAP Cambodia បញ្ឈប់សកម្មភាពផ្សព្វផ្សាយ ប្រកាសលក់ នាំចូលផលិតផលគ្រឿងបន្លាស់រថយន្តម៉ាក MAZDA នេះ ចាប់ពីពេលនេះតទៅ ដើម្បីជៀសវាងការទទួលខុសត្រូវតាមផ្លូវច្បាប់។ម្ចាស់គណនី Facebook JCAP Cambodia បានទទួលស្គាល់នូវកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមកព្រោះតែខ្វះការយល់ដឹងពីផ្លូវច្បាប់ និងធានាសន្យាថាបញ្ឈប់នូវរាល់សកម្មភាពទាំងឡាយណាដែលផ្ទុយនឹងច្បាប់ ជាពិសេសរំលោភដល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន HGB Auto តទៅទៀត។គួរបញ្ជាក់ថា សម្រាប់រថយន្តម៉ាក MAZDA និងគ្រឿងបន្លាស់ពាក់ម៉ាក MAZDA គឺមានតែក្រុមហ៊ុន HGB Auto មួយគត់ ដែលបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្នុងការនាំចូល ចែកចាយផ្តាច់មុខ ក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះចំពោះបុគ្គលទាំងឡាយណា ដែលកំពុងធ្វើការនាំចូល ចែកចាយ ដាក់តាំងលក់ និងផ្សព្វផ្សាយលក់ រថយន្តម៉ាក MAZDA និងគ្រឿងបន្លាស់ពាក់ម៉ាក MAZDA ដែលរំលោភដល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន HGB Auto សូមបញ្ឈប់សកម្មភាពជាបន្ទាន់ បើពុំនោះទេ ច្បាស់ជាត្រូវប្រឈមនឹងផ្លូវច្បាប់ជាធរមាន។