(ម៉ាឡេស៉ី)៖ តបតាមការអញ្ជើញរបស់លោក Dato’ Seri Utama Haji Mohamad bin Haji Hasan ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ២០២៥ និងជារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាក់ព័ន្ធ រៀបចំដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ចាប់ពីថ្ងៃទី៨ ដល់១១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមប្រធានបទ «បរិយាប័្នន និងនិរន្តភាព»។ខណៈពេលស្ថិតនៅប្រទេសម៉ាឡេស៊ី ឯកឧត្តមអគ្គលេខាធិការអាស៊ាននឹងមានជំនួបទ្វេភាគីជាមួយបណ្តារដ្ឋមន្ត្រីការបរទេសមកពីប្រទេសសមាជិកអាស៊ាន និងដៃគូខាងក្រៅរបស់អាស៊ាន ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តន៍ចុងក្រោយបង្អស់ដែលកំពុងកើតឡើងនៅជុំវិញតំបន់ និងពិភពលោក ព្រមទាំង ដើម្បីស្វែងរកគំនិតថ្មីៗ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងការគាំទ្រដល់ការអនុវត្ត «អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមរបស់យើង»។លោកបណ្ឌិត កៅ គឹមហួន ក៏គ្រោងមានជំនួបប្រចាំឆ្នាំជាមួយតំណាងគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស (AICHR) ផងដែរ៕