(សៀមរាប)៖ ពីលើទឹកដីអតីតរាជធានីអង្គរដ៏ល្បាញល្បីនាព្រឹកថ្ងៃចន្ទ ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។សហភាពសហព័ន្ធយុវជនកម្ពុជា ជាចលនាមហាជនដ៏ធំមួយនៅកម្ពុជា ដែលបាន ប្រមូលផ្តុំយុវជនគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម។នៅឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានជ្រើសរើសទឹកដីខេត្តសៀមរាបអង្គរ បើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាលក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម តាមរយៈកិច្ចពិភាក្សា និងបទអន្តរាគមន៍នានា ដើម្បីផ្សាភ្ជាប់ផែនការការងារឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈ ដែលបានរៀបចំជាបន្តបន្ទាប់។នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រៀមឆ្ពោះទៅកាន់ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការ ស.ស.យ.ក. ឆ្នាំ២០២៥ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន ស.ស.យ.ក. ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ប្រមាណ ៥០០រូបផងដែរ។ យោងតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ស.ស.យ.ក. បានកោះប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដែលបានសមាជិកសរុប ៤៨៧ នាក់ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើវឌ្ឍនភាពការងារសម្រេចបាន និងទិសដៅការងារបន្ត ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។បន្ទាប់មកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានចាប់ផ្ដើមបើកកិច្ចពិភាក្សាជាក្រុម ដើម្បីពិភាក្សាទៅលើកិច្ចការសំខាន់ៗ រួមមាន៖ កិច្ចការពង្រឹងស្ថាប័ន និងពង្រីកសមាជិកភាព ការតម្រង់ទិសដល់សមាជិក សមាជិកា ដើម្បីជំរុញការចូលរួមពីយុវជនជំនាន់ថ្មី ព្រមទាំងពិភាក្សាលើការរៀបចំខ្លឹមសារ និងការប្រើប្រាស់យន្តការផ្សព្វផ្សាយរបស់ស្ថាប័ន ដែលក្រុមនីមួយៗត្រូវបានដឹកនាំផ្ទាល់ដោយឯកឧត្តម លោកជំទាវ អនុប្រធាន ស.ស.យ.ក.ទាំង៨។នៅព្រឹកថ្ងៃទី២១ ខែមិថុនា ពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក.បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ដោយមានវត្តមានចូលរួមពីសំណាក់លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ប្រមាណ ៥០០នាក់។លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ ស.ស.យ.ក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមការងារ តាមបណ្តា វិស័យនានា អង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកាទាំងអស់នៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិខ្ពស់ រហូតសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ស្របតាមទិសដៅ និងផែនការសកម្មភាព ដែលបានដាក់ចេញនៅក្នុង «ផែនការយុទ្ធសាស្ត្រស្តីពីយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣-២០២៨» ។ប្រសាសន៍របស់លោក ហ៊ុន ម៉ានី ជាមួយនឹងការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ស.ស.យ.ក. បានពង្រីកការរួមចំណែករបស់ខ្លួនកាន់តែខ្លាំងក្លាថែមទៀត ក្នុងការចូលរួមអភិវឌ្ឍសង្គម។ លោកបានគូសបញ្ជាក់ផងដែរថា ក្រុមគ្រួសារ ស.ស.យ.ក. បេ្តជ្ញាថានឹងរៀបចំកម្មវិធីសំខាន់ៗបន្តទៀតសំដៅបង្កើនក្តីស្រឡាញ់ សមានចិត្ត ការគាំទ្រ និងការជួយលើកតម្កើងឱ្យកាន់តែខ្ពស់ថែមទៀតនូវ មោទនភាពរបស់យុវជន និងប្រជាជននៅទូទាំងប្រទេសចំពោះជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសនៃសហភាពសហព័ន្ធយុវជនកម្ពុជា ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយទៅជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ស្របពេលស្ថានភាពតានតឹងនៃបញ្ហាព្រំដែន ក្នុងកិច្ចប្រជុំនេះ ស.ស.យ.ក. ប្រកាសប្តេជ្ញាបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងនូវគ្រប់ចំណាត់ការរបស់រាជរដ្ឋាភិបាល និងស្ថាប័នកំពូលៗរបស់ជាតិ ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយ និងបញ្ហាបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ស.ស.យ.ក បានរៀបចំដំណើរថ្មើរជើង(Solidarity March) ដោយបានបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី និង រួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខ ដែលជាការចូលរួម ចំណែកក្នុងខឿនការពារជាតិប្រជាជនផងដែរ។សូមបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលស.ស.យ.ក. មានបទអន្តរាគមន៍ចំនួន៤ ក្នុងចំណោម ៨ ដែលបានយកមកពិភាក្សាក្នុងអង្គប្រជុំនាឱកាសនោះ។ ប្រធានបទដែលបានយកមកធ្វើបទអន្តរាគមន៍រួមមាន ការវិភាគ និងវាយតម្លៃ SWOT របស់ ស.ស.យ.ក. ក្នុងបរិបទកម្ពុជាបច្ចុប្បន្ន ការពង្រឹង និងពង្រីកសមាជិកភាពរបស់ ស.ស.យ.ក. ការពង្រឹងអត្តសញ្ញាណ និងរចនាសម្ព័ន្ធ ស.ស.យ.ក. និងការតម្រង់ទិសនយោបាយលើទិសដៅឆ្ពោះទៅមុខរបស់ ស.ស.យ.ក.។ក្នុងបទអន្តរាគមន៍នាឱកាសនោះ អង្គប្រជុំ បានស្តាប់របាយការណ៍ និងផ្តល់ជាមតិយោបល់ដើម្បីជាធាតុចូលក្នុងការលើកតម្កើងកិត្តិនាមស.ស.យ.ក. តាមរយៈការបន្តពង្រឹងភាពខ្លាំង និងកែប្រែភាពខ្សោយទៅជាកាឡានុវត្តភាព។ ក្នុងនោះដែរសមាជិក អង្គប្រជុំបានចូលរួមចែករំលែកនូវឧត្តមានុវត្តន៍លើកិច្ចការងារមួយចំនួន ដើម្បីពង្រឹង និងពង្រីកសមាជិកភាព និងអត្តសញ្ញាណរបស់ ស.ស.យ.ក.។ ទន្ទឹមនឹងនេះ សមាជិកក៏បានគូសបញ្ជាក់ពីភាពសំខាន់ក្នុងការលើកតម្កើង និងបង្ហាញកិត្យានុភាព ស.ស.យ.ក. តាមរយៈការបង្កើតកម្មវិធីព្រឹត្តការណ៍នានា ដែលជាវេទិកាអាចបញ្ជ្រាបពីបុព្វហេតុ ស.ស.យ.ក. ឱ្យបានទូលំទូលាយទៅដល់សាធារណជន និងស្រទាប់យុវជនផងដែរ។ក្នុងកំលុងពេលរៀបចំកិច្ចប្រជុំនេះ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល បានមកជួបជុំគ្នាចែករំលែកស្នាមញញឹម ក្តីសប្បាយរីករាយ ជាមួយអាហារពេលល្ងាចរួមគ្នាក្នុងរាត្រីដ៏ស្រស់ត្រកាលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥។ ក្នុងកម្មវិធី ក៏មានការដាក់ដេញថ្លៃរូបគំនូររបស់ប្អូនកុមារដែលមានពិការភាព មកពីវិទ្យាល័យអប់រំពិសេសខេត្តសៀមរាបដើម្បី ប្រមូលថវិកាទៅជួយទ្រទ្រង់ដល់មន្ទីរពេទ្យជ័យវរ្ម័នទី ៧ ( គន្ធបុប្ផា) មន្ទីពេទ្យកុមារអង្គរ និងវិទ្យាល័យអប់រំពិសេសខេត្តសៀមរាប។ក្រៅពីការប្រជុំ កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក៏ជាឱកាសជួបជុំមួយដែលសមាជិក សមាជិកាបានបង្ហាញពីស្មារតីសាមគ្គី និងឯកភាពគ្នា ក្នុងការបន្តស្មារតី ២ធ្នូ របស់បិតាស្ថាបនិក កាលពី ៤៧ ឆ្នាំមុន និងការចូលរួមចំណែកតាមរយៈការងារស្ម័គ្រចិត្ត និងចូលរួមសម្រេចចក្ខុវិស័យសម្រាប់កម្ពុជាផងដែរ។នៅក្នុងថ្ងៃទី៣ នៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សមាជិក សមាជិកាទាំងអស់បានចូលរួមសកម្មភាពបែបលំហាត់ប្រាណនៅក្រៅសាលប្រជុំ។ កម្មវិធីនេះគឺជាផ្នែកមួយនៃការពង្រឹងស្មារតីក្រុម និងការកំសាន្តមួយបែបដើម្បីបង្កើនភាពស្និទស្នាល និងរំសាយភាពតានតឹងពីការងារ។ ទោះកម្មវិធីបានចាប់ផ្តើមតាំងពីព្រឹកព្រលឹមស្រាងៗ តែសមាជិក សមាជិកាទាំងអស់នៅតែមានភាពស្វាហាប់ និងចូលរួមយ៉ាងសកម្ម។ ជាពិសេស នៅលើផ្ទៃមុខគ្រប់គ្នាសុទ្ធតែជាប់នូវស្នាមញញឹម សំណើចក្អាកក្អាយ យ៉ាងក្លៀវក្លាក្រៃលែង។តាមរយៈកិច្ចប្រជុំនៅថ្ងៃចុងក្រោយគណៈកម្មាធិការកណ្តាលបានបោះឆ្នោតជ្រើសតាំងសមាសភាពបំពេញបន្ថែម និងគណៈអចិន្រ្តៃយ៍ ចំនួន ៧រូប និងគណៈកម្មាធិការកណ្តាលចំនួន ៨រូប ដោយអនុលោមតាមប្រការ១៦ ជំពូកទី៤នៃលក្ខន្តិកៈសហភាពសហព័ន្ធយុវជនកម្ពុជា។ ជាមួយគ្នានោះ អង្គប្រជុំក៏បានអនុម័តលើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ស.ស.យ.ក. និងបានប្រគល់ភារកិច្ចជូនលោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ស.ស.យ.ក.។សមាសភាពដែលត្រូវបានជ្រើសតាំងជាសមាជិកគណៈអចិន្ត្រៃយ៍រួមមាន៖ លោក ធន់ វឌ្ឍនា លោកស្រី គង់ បញ្ញា លោក អ៊ាង សុផល្លែត លោក ហួត ហាក់ លោក ចាយ បូរិន លោក ថោ ជេដ្ឋា និងលោក ឆាយ ឫទ្ធិសែន។ ដោយឡែកសមាសភាពបំពេញបន្ថែមគណៈកម្មាធិការកណ្តាល រួមមាន៖ លោក អ៊ាង សុផល្លែត លោក ហួត ហាក់ លោក ចាយ បូរិន លោក ថោ ជេដ្ឋា លោក ឆាយ ឫទ្ធិសែន លោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី លោក គួច ចំរើន និងលោក យ៉ម ផារ៉ូត៕