(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការរៀបចំកងកម្លាំង និងសព្វាវុធរបស់កម្ពុជា គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចការពារទឹកដី និងអធិបតេយ្យជាតិ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា សព្វាវុធរបស់កម្ពុជា រៀបចំរបៀបដាក់ទុនតិច តែចំណេញច្រើន។ កម្ពុជាមិនមានរថក្រោះ និងយន្តហោះ តែមានកាំភ្លើងសម្រាប់បាញ់រថក្រោះ និងយន្តហោះបាន ហើយសព្វាវុធរបស់កម្ពុជារៀបចំ ដើម្បីការពារបូរណភាពទឹកដី មិនមែនប្រើសម្រាប់ឈ្លានពានគេនោះទេ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាស អញ្ជើញជាធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជាមិនមែនចង់ធ្វើសង្គ្រាមទេ យើងឆ្អែតហើយ ប៉ុន្តែបើសិនជាមានការបំពាន ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ យើងមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសឆន្ទៈរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង នៅក្នុងការការពារទឹកដី ទោះបីឧបករណ៍យើងមិនទំនើបខ្លាំង តែទឹកចិត្ត និងឧបករណ៍បំពាក់ គឺគ្រប់គ្រាន់ដើម្បីបំផ្លាញផែនការ និងបំផ្លាញកម្លាំង ដែលចូលទន្ទ្រានទឹកដីយើងបាន»។បើតាមប្រសាសន៍សម្តេចធិបតី ឥលូវកងទ័ពថៃ ឃើញតែការបង្ហាញយុទ្ធោបករណ៍ បង្ហាញយន្តហោះ បង្ហាញដ្រូន មានដ្រូនដាក់គ្រាប់បែកទម្លាក់ និងមានរថក្រោះ។សម្តេចធិបតី បន្ថែមថា «បង្ហាញធ្វើអីអាហ្នឹង ឯកឧត្តម ទៀ សីហា ប្រាប់ហើយថា ខ្ញុំគ្មានរថក្រោះ មានតែអាបាញ់រថក្រោះ។ រថក្រោះ ១គ្រឿង ៥លាន ខ្ញុំឯណេះ ១ដើម ១០ម៉ឺន បាញ់ឆេះ ព្រោះគិតពីការរកស៊ី អ្នកវិនិយោគដាក់ទុនតិច បានផលច្រើន។ យើងយកអាហ្នឹង។ យន្តហោះ ១គ្រឿង ២០ ៣០លាន ថែទាំ ទាំងពីឡុត ទម្រាំតែបង្ហាត់ចេះ។ យើង ដូចអាកាំជ្រូចយើង សំណាញ់មេឃហ្នឹង ដូចមិនថ្លៃប៉ុន្មានដែរ។ អាហ្នឹង អ្នកក្រវិនិយោគតាមអ្នកក្រ ប៉ុន្តែអ្វីដែលសំខាន់ ហេតុអ្វីបានជាកម្ពុជាមានគ្រឿងទាំងការការពារប្រឆាំងរថកក្រោះ ការពារប្រឆាំងយន្តហោះ ភាគច្រើនគឺយើងរៀបចំទ័ពយើង ដើម្បីការពារជាតិ មិនមែនដើម្បីវាយលុក ដណ្តើមទឹកដីរបស់នរណាទេ អីចឹងការរៀបចំរបស់យើង មានតែប៉ុណ្ណឹង»។«មិនមែនជាការប្រមាថ ប៉ុន្តែបើអ្នកចេញមកបែបនេះ សុទ្ធតែគំរាមបាញ់ទ័ពគេមកបាញ់ទ័ពខ្មែរធ្វើជី អ្នកឯងថាចុះ។ សុំកុំប្រមាថឲ្យសោះ»។ សម្តេចធិបតី បានបញ្ជាក់បែបនេះ។នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ បានលើកឡើងថា ប្រទេសថៃ មានសព្វាវុធតាំងពីលើគោក ទឹក និងអាកាស តែខ្មែរមានសព្វាវុធ ដើម្បីការពារប្រទេសជាតិ ដោយមិនបានតម្លើងសព្វាវុធ ឈ្លានពាននរណាឡើយ។ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ខ្មែរមានកាំភ្លើង បាញ់ការពារអាកាស ខ្មែរមានកាំភ្លើងបាញ់ការពាររថក្រោះ ហើយខ្មែរក៏មានកាំភ្លើង បាញ់នៅជួរមុខ នៅឆ្នេរសមុទ្រផងដែរ។រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងផងដែរថា ខ្មែរបានសហការ ជាមួយភាគីមិត្ដមួយចំនួន ក្នុងការលើកតម្កើងសមត្ថភាពយោធា ត្រឹមការពារប្រទេស ដាច់ខាត គឺការពារ ប្រទេស មិនមានតម្កើងសព្វាវុធ ក្នុងការឈ្លានពានគេនោះទេ៕