(ស្វាយរៀង)៖ មន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយរបស់បណ្ដាញសង្គមដែលបានបង្ហោះសារ និងរូបភាពមានខ្លឹមសារការស្លាប់ស្ត្រីអាយុ៣៤ឆ្នាំ ក្រោយសម្រាលកូន។មន្ទីរសុខាភិបាលខេត្តស្វាយរៀង ឲ្យបានដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១រសៀល ស្ត្រីអាយុ៣៤ឆ្នាំ ពរពោះកូនទី៥ រស់នៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បានមកសម្រាល កូននៅមន្ទីរពេទ្យបង្អែកជីភូ និងបានសម្រាលកូនតាមធម្មជាតិនៅវេលាម៉ោង១៖៥០នាទីយប់។ក្រោយពីទំលាក់សុក ស្ត្រីខាងលើមានស្ថានភាពធ្លាក់ ឈាមខ្លាំងស្បូនខ្សោយ (មិនកន្ត្រាក់) ក្រុមគ្រូពេទ្យបានសង្គ្រោះតាមបច្ចេកទេស និងបានបញ្ជូនមកសង្គ្រោះបន្ត នៅមន្ទីរពេទ្យខេត្តស្វាយរៀង។ពេលស្ត្រីបានបញ្ជូនមកដល់មន្ទីរពេទ្យខេត្តស្វាយរៀង ក្រុមគ្រូពេទ្យផ្នែកសម្ភព បានពិនិត្យឃើញថា ស្ត្រីមានសភាពបាត់បង់ឈាមជាពិសេស ស្បូនក្នុងសភាពមិនកន្ត្រាក់ (ខ្សោយខ្លាំង) ក្រុមគ្រូពេទ្យបានសង្គ្រោះ ដោយបញ្ចូលឈាម និងវះកាត់ស្បូនជាបន្ទាន់ដើម្បីឃាត់ឈាម តាមលក្ខណៈស្តង់ដារបច្ចេកទេស។ទោះបីក្រុមគ្រូ ពេទ្យខិតខំធ្វើការសង្គ្រោះ និងវះកាត់ស្បូនដើម្បីឃាត់ឈាម ទៅតាមបច្ចេកទេស ក៏ស្ថានភាពអ្នកជំងឺមិនអាច សង្គ្រោះបាន និងបានទទួលមរណភាពនៅវេលាម៉ោង ១២៖២០នាទីថ្ងៃត្រង់នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ជាមួយគ្នានេះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង សូមចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំ និងសោកស្តាយបំផុតជាមួយក្រុមគ្រួសារសព សូមវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ៕