បងប្អូនអាជីវករខ្មែរ ផ្សារឆងចម ស្រុកកាប់ជើង ខេត្តសុរិន្ទ ត្រូវបានអនុញ្ញាតឲ្យចូលមកស្រុកវិញ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ (Video inside)

Wait 5 sec.

(ព្រំដែនកម្ពុជា-ថៃ)៖ ប្រជាពលរដ្ឋខ្មែរដែលអាជីវករលក់ដូរនៅផ្សារឆងចម ស្ថិតក្នុងស្រុកកាប់ជើង ខេត្តសុរិន្ទរបស់ថៃ ត្រូវបានអាជ្ញាធរខ្មែរអនុញ្ញាតឲ្យវិលត្រឡប់ចូលមកស្រុកវិញ តាមច្រកទ្វារអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បន្ទាប់ពីភាគីថៃបិទច្រកចោលទាំងស្រុងដោយឯកតោភាគី ហើយពួកគាត់វិលត្រឡប់មកមិនទាន់កាលពីម្សិលមិញ។លោក ឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃនេះអាជ្ញាធរកម្ពុជា បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលមកប្រទេសវិញ សរុបចំនួន៣៥២នាក់ ស្រី១៧៣នាក់ ក្នុងនោះរួមមាន៖* ពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរនៅក្នុងផ្សារឆងចម ប្រទេសថៃ និងទេសចរណ៍ សរុបចំនួន១៩៨នាក់* ពលករដែលត្រូវភាគីថៃបញ្ជូនមកវិញមានចំនួន១៥៤នាក់ ស្រី៧២នាក់ (ក្នុងនោះពលករពុំមានឯកសារធ្វើដំណើរសរុប១៤១នាក់ ស្រី៦៧នាក់)។ក្រៅពីនេះ ក៏មានរថយន្តសរុបចំនួន១៨គ្រឿង និងម៉ូតូចំនួន២៦គ្រឿងផងដែរ។ ក្រោយភាគីកម្ពុជាបានបិទទ្វារច្រកវិញនៅវេលាម៉ោង១០៖៣៣នាទី។សូមជម្រាបថា រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ គ្រប់ច្រកទ្វារព្រំដែនទាំងអស់កម្ពុជា-ថៃ អ្នកជំងឺ និងកូនសិស្សអាចចេញចូលធម្មតា តែមនុស្ស ទំនិញ ឡាន និងម៉ូតូ ត្រូវទាហានថៃ បន្តបិទដដែល ដូចអ្វីដែលពួកគេបានប្រកាសកាលពីប៉ុន្មានថ្ងៃមុន។ សេចក្តីរាយការណ៍ពីព្រំដែន បានឲ្យដឹងថា នៅតាមច្រកទ្វារព្រំដែនដែលជាប់ជាមួយប្រទេសថៃ គឺទាហានថៃ នៅបន្តមិនអនុញ្ញាតឲ្យអ្នកដំណើរទាំងភ្ញៀវជាតិ-អន្តរជាតិ រថយន្ត ម៉ូតូ និងការដឹកទំនិញឆ្លងកាត់នោះឡើយ តែសម្រាប់អ្នកជំងឺ និងកូនសិស្ស អាចធ្វើដំណើរឆ្លងកាត់បានដដែល។សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា សម្រាប់អ្នកជំងឺ និងកូនសិស្ស អនុញ្ញាតឲ្យឆ្លងកាត់បាន តែក្រៅពីនេះ គឺភាគីថៃ នៅបន្តបិទដដែល។លោក ឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ក៏បានបញ្ជាក់ផងដែរថា សម្រាប់ច្រកទ្វារអន្តរជាតិមួយនេះ ភាគីថៃ អនុញ្ញាតឲ្យតែអ្នកជំងឺ និងកូនសិស្សប៉ុណ្ណោះដែលអាចឆ្លងកាត់បាន ហើយមន្រ្តីយើងក៏បានធ្វើដូច្នោះដែរ តែសម្រាប់អ្នកដំណើរ រថយន្ត ម៉ូតូ និងទំនិញ ភាគីថៃនៅបន្តហាមឃាត់ដដែល៕