អ្នកនាំពាក្យក្រសួងរិស្ថាន លើកទឹកចិត្តអ្នកទេសចរគួរដើរកម្សាន្តនៅតំបន់ការពារធម្មជាតិឱ្យបានច្រើន ដើម្បីបញ្ជាក់ពីការស្រឡាញ់ធម្មជាតិ

Wait 5 sec.

(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ដើម្បីការពារធនធានធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា អ្នកទេសចរគួរដើរកម្សាន្តនៅតំបន់ការពារធម្មជាតិឱ្យបានច្រើន ដើម្បីបញ្ជាក់ពីការស្រឡាញ់ធម្មជាតិ និងដើម្បីស្វែងយល់អំពីមាតុភូមិកម្ពុជា ដែលជាការរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋសហគមន៍ ឱ្យកាន់តែមានភាពល្អប្រសើរ។លោក ខ្វៃ អាទិត្យា បានលើកឡើងដូចនេះ ក្នុងដំណើរទស្សនកិច្ចគម្រោងនិរន្តរភាពបរិស្ថាន និងអេកូទេសចរណ៍ កាលពីពេលថ្មីៗនេះ។អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា តំបន់ការពារធម្មជាតិមាន សត្វព្រៃ និងទេសភាពល្អស្អាត ជាសក្តានុពលដែលផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាសហគមន៍ទាំងមូល តាមរយៈការទាញយកប្រយោជន៍ពីគោលដៅលម្ហែបៃតង។ តំបន់ការពារធម្មជាតិរបស់កម្ពុជាមានសក្តានុពលច្រើនសម្រាប់ការពង្រីក នូវគោលដៅលម្ហែបៃតង ជាក់ស្តែងដូចជា តំបន់ឧទ្យានជាតិព្រះបាទជ័យវរ្ម័ន-នរោត្តមភ្នំគូលែន គឺបានរៀបចំឱ្យមានកន្លែងតង់ស្នាក់លម្ហែបៃតងចំនួន ១០កន្លែង ដល់សហគមន៍។ រីឯឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ក៏មានរៀបចំជាកន្លែងវិបស្សនាសម្រាកលម្ហែបែបសាសនា ក្នុងទីលម្ហែបៃតង ផងដែរ។ក្រៅពីនេះក៏មាននៅតាមសហគមន៍ផ្សេងៗទៀត ក្រសួងបរិស្ថានតាមរយៈដៃគូរអភិវឌ្ឍន៍ ក៏ដូចជាគម្រោងអភិវឌ្ឍន៍ បានជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ មានទាំងទឹកស្អាត បន្ទប់អនាម័យ ក៏ដូចជា រៀបចំទីតាំងបោះតង់ ឬកន្លែងសម្រាកកម្សាន្តនៅតាមសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ដែលមាន សក្តានុពលសម្រាប់ការបង្កើតនូវគោលដៅលម្ហែបៃតង ឬហៅថា ទីលម្ហែបៃតង។លោក ខ្វៃ អាទិត្យា ក៏បានជំរុញលើកទឹកចិត្តបន្តទៀតដល់អ្នកទេសចរដែលស្រឡាញ់ធម្មជាតិ ទៅកម្សាន្តនៅតំបន់ការពារធម្មជាតិផ្សេងៗទៀត ដើម្បីស្វែងយល់អំពីមាតុភូមិកម្ពុជាដ៏ស្រស់ស្អាត និងសម្បូរបែប។លោក ខ្វៃ អាទិត្យា បានលើកឡើងយ៉ាងដូច្នេះ៖ «សរុបមកវិញគឺសហគមន៍តំបន់ការពារធម្មជាតិ មិនត្រឹមតែមានតួនាទីនូវក្នុងការការពារ ធនធានធម្មជាតិ ការជំរុញដាំដុះបង្កើត គម្របបៃតងនោះទេ សហគមន៍បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើននូវសកម្មភាព និងកម្មវិធីផ្សេងៗ ជាពិសេសគោលដៅលម្ហែបៃតងដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ កាលណាប្រជាពលរដ្ឋមានចំណូលខ្ពស់គឺគាត់មិនទៅប៉ះពាល់ព្រៃឈើទេ ហើយគាត់មានចំណូលក្នុងគ្រួសារ គ្រួសារគាត់រីកចម្រើន កូនចៅបានរៀនសូត្រខ្ពង់ខ្ពស់ផងដែរ ហើយមួយទៀតស្របតាមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំពុងជំរុញលើកទឹកចិត្ត ធ្វើម៉េចដើម្បីបង្កើនជីវភាពប្រជាសហគមន៍ឱ្យកាន់តែមានការរីកចម្រើន ដើម្បីចូលរួមចំណែកការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព»។សូមបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងអភិវឌ្ឍគោលដៅលម្ហែបៃតង នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ហើយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន បាននិងកំពុងធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ដូចជា ការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផង ព្រមទាំងជួយរៀបចំបង្កើតជាអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍ ថែមទៀត៕