(កោះកុង)៖ អណ្តូងទឹកដ៏ធំ ដែលផ្ទុកទឹកជាងមួយម៉ឺនលីត្រ និងជាទឹកស្អាតត្រូវបាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង ដែលបានកសាងឡើងនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង កំពុងបានផ្តល់ភាពងាយស្រួលដល់ប្រជាសហគមន៍ប្រើប្រាស់ដោយមិនត្រូវចំណាយថវិការហើយ និងពិសេសមានទឹកស្អាតប្រើប្រាស់ទៀតផង។ក្រុមប្រជាសហគមន៍អេកូរទេសចរណ៍ជីផាត ដែលធ្លាប់តែជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ នារដូវប្រាំងនោះអាចប្រើប្រាស់ទឹកអណ្តូងដ៏ធំនេះ ដោយពុំមានខ្វះខាតទាំងរដូវប្រាំង ឬរដូវវស្សាសោះឡើយ។ អណ្ដូងខ្នាតធំ ដើរដោយប្រព័ន្ធសូឡា និងបូមទឹកដោយស្វ័យប្រវត្តិមួយនេះ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថានដាក់សម្ពោធឱ្យប្រើប្រាស់ កាលពីពាក់កណ្តាល ខែមករា ឆ្នាំ២០២៣។លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានឱ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ថា ការកសាងអណ្តូងទឹកនេះសម្រាប់ជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលជួបកង្វះខាតទឹកស្អាតប្រើប្រាស់ពិសេសនារដូវប្រាំងដែលមានភូមិមួយក្នុងចំណោមភូមិចំនួន៤ ក្នុងឃុំជីផាត តែងជួបបញ្ហាទឹកប្រើប្រាស់ ដែលកាលនោះបើកាលណាគេជីកអណ្តូងទឹកទៅតែងមានសារជាតិកំបោរ និងជាតិច្រេះមិនអាចប្រើប្រាស់កើត។ តែអណ្តូងទឹករបស់គម្រោងរេដបូកនេះ ក្រៅពីជួយដល់សុខភាពពួកគាត់ហើយ នៅជួយដល់ការមិនត្រូវចំណាយថ្លៃទឹកប្រើប្រាស់ប្រចាំថ្ងៃថែមទៀត។តាមរយៈគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងនេះដែរកន្លងមក ក្រៅពីបានជួយអណ្តូងទឹកនេះ នៅបានជួយដល់អាហាររូបករណ៍កូនសិស្សក្រីក្រ ផ្លូវថ្នល់ចំនួន៣ខ្សែ ជួយដល់សាលារៀន មណ្ឌលសុខភាព និងសមិទ្ធផលមួយចំនួនទៀតដែលសុទ្ធសឹងជួយ ដល់ប្រជាសហគមន៍រហូតមកដល់ពេលនេះ ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំល្អប្រសើរ និងជីវភាពប្រជាជនលើកកម្ពស់ជា បន្តបន្ទាប់។លោកបានប្រាប់ថា៖ «ទឹកនេះយើងបានធ្វើតេសហើយជាទឹកសុវត្តិភាព សម្រាប់ពលរដ្ឋប្រើប្រាស់ និងវាមានជម្រៅជីកជាង៦០ម៉ែត្រ។ អណ្ដូងទឹកខ្នាតធំនេះ មានចំណុះមួយម៉ឺនលីត្រ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋយ៉ាងពេញទីជាង១៨០គ្រួសារ»។លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា តាមរយៈការអភិវឌ្ឍជីវភាពប្រជាសហគមន៍ជាមួយដៃគូ និងតាមរយៈគម្រោងរេដបូកពិតជាមានសារៈសំខាន់សម្រាប់ឆ្លើយតបទៅនឹងជីវភាពប្រជាពលរដ្ឋពិសេសបានជួយទប់ស្កាត់ និងការពារធនធានធម្មជាតិ។កិច្ចការពារអភិរក្សធនធានធម្មជាតិនេះដែរ គឺទាល់តែបងប្អូនប្រជាសហគមន៍មានជីវភាពល្អប្រសើរផងដែរ។មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា សម្រាប់អណ្តូងទឹកដែលជាអំណោយគម្រោងរេដបូកនេះ ដើរដោយថាមពលពន្លឺព្រះអាទិត្យ និងម៉ូទ័រទឹកប្រើដោយសូឡា ដោយក្នុងនេះគឺទី១៖ វាបានជួយដល់ការប្រែប្រួលអាកាសធាតុផង និងទី២៖ ជួយដល់ជីវភាពពួកគាត់ផង។ ទាំងអស់នេះបើកាលណាគាត់មានភាពងាយស្រួលរស់នៅ ជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ល្អប្រសើរ ពេលនោះហើយពួកគាត់មិនចាំបាច់ងាកទៅរកចូលព្រៃកាប់ឈើ ចូលព្រៃចាប់សត្វព្រៃឡើយ។លោកបានថ្លែងថាន នាពេលបច្ចុប្បន្នក្រសួងបរិស្ថានបានយកចិត្តទុកដាក់ការអភិវឌ្ឍន៍ជីវភាពសហគមន៍នេះតាមរយៈក្នុងនេះទី១ ជំរុញជីវភាពសហគមន៍ដោយបង្កើតមុខរបរ ពួកគាត់អាចដាំបន្លែ ចិញ្ចឹមសត្វ ឬបង្កើតទេសចរណ៍ធម្មជាតិដែលអាចចំណូលបានល្អប្រសើរជាងការចូលព្រៃដែលប្រឈមនឹងផ្លូវច្បាប់។អ្នកស្រី កងណាំ ប្រជាសហគមន៍មួយរូបបានលើកឡើងថា បន្ទាប់ពីបានអំណោយអណ្តូងទឹកនេះ បានជួយច្រើនណាស់ដល់ក្រុមគ្រួសារគាត់ ពោលគឺមិនចាំបាច់ទៅរកដងទឹកតាមប្រភពទឹកទីកន្លែងឆ្ងាយៗ ឡើយដោយអ្នកស្រីគ្រាន់តែតប្រព័ន្ធទឹកនេះហើយ អាចប្រើប្រាស់បានគ្រប់ពេលវេលា។ ក្រៅពីនេះមិនចាំបាច់ចំណាយថ្លៃទឹកដូចមុនទៀតពោល គឺគេប្រើមិនបានយកថវិការអ្វីដែរ។គួរបញ្ជាក់ថា បើតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងនាកន្លងមកថាគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដែលបានជួយអណ្តូងទឹកស្អាតនេះ គឺក្រោយការធ្វើតេស្តបង្ហាញថាជាទឹកអណ្តូង គ្មានសារធាតុអាសេនិច, ទឹកពុំមានកំហាប់កំបោរ ហើយទឹកគ្មាន ច្រេះដែលជាទឹកស្ថិតនៅក្នុងកម្រិតល្អប្រើប្រាស់គ្មានគ្រោះថ្នាក់។ តាមរយៈអណ្តូងទឹកនេះដែរបានជួយសម្រួលច្រើន ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទឹក និងវាជាទឹកស្អាតធានាបាននូវសុខភាពផង៕