អភិបាលខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនពលរដ្ឋ ៥០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម នៅខេត្តព្រះវិហារ

Wait 5 sec.

(ព្រះវិហារ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយក​អំណោយមនុស្សធម៌ រួមមាន ស្បៀងអាហារ ថវិកា និងសម្ភារប្រើប្រាស់មួយចំនួនចែកជូនប្រជាពលរដ្ឋ ៥០០គ្រួសារ ដែលកំពុងស្នាក់បណ្ដោះអាសន្ន មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។នៅក្នុងពិធីនេះក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក សុខ សាន្តតារ៉ា អភិបាលរងខេត្ត តំណាងលោក គីម រឹទ្ធ អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។លោក វ៉ី សំណាង ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ បានថ្លែងនូវក្តីសប្បាយរីករាយក្រៃលែង ដែលបានមកជួបមុខដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ដែលភាគច្រើនជាគ្រួសារកងទ័ព ដែលបានជម្លៀសខ្លួនមកពីតាមតំបន់ព្រំដែន តំបន់ប្រឈមមកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០នេះ។អនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងស្មារតីខ្មែរ​ស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ពិសេសនៅក្នុងគ្រាដ៍លំបាកនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាសប្បរសជនជាច្រើននៅខេត្តតាកែវ បានរួមគ្នាឧបត្ថម្ភជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស និងថវិកាមកចូលរួមចែករំលែកជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ ជាមួយនឹងការណែនាំឱ្យថែរក្សាសុខភាព អនាម័យ ដើម្បីការពារពីជម្ងឺផ្សេងៗ។ជាមួយគ្នានេះដែរលោក សុខ សាន្តតារ៉ា បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលបានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំអំណោយមកចែកជូន​ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅបន្តោះអាសន្នវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែនផងដែរ៕