រដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ ក្រុមហ៊ុន Plug and Play Cambodia នឹងផ្តល់លទ្ធភាពឱ្យធុរកិច្ចថ្មី ឌីជីថលរបស់កម្ពុជា អាចទាក់ទាញទុនវិនិយោគពីក្រៅប្រទេស

Wait 5 sec.

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការ ការិយាល័យក្រុមហ៊ុន Plug and Play Cambodia នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ពិធីនេះ ក៏មានការចូលរួមពីលោក Jupe Tan នាយកផ្នែកកិច្ចសហប្រតិបត្តិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Plug and Play LLC លោក លោកស្រី ថ្នាក់ដឹកនាំ ក.ប.ទ. សាកលវិទ្យាធិការ តំណាងស្ថាប័នអប់រំ និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល សរុបប្រមាណ ២២០រូប។ថ្លែងក្នុងពិធីនេះ លោក ជា វ៉ាន់ដេត បានថ្លែងថា ពិធីសម្ពោធជាផ្លូវការ ការិយាល័យក្រុមហ៊ុន Plug and Play Cambodia នាពេលនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់យើង ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង ក្នុងការជំរុញសហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងបង្កើនភាពទាក់ទាញរបស់កម្ពុជា ឱ្យក្លាយជាមជ្ឈមណ្ឌលធុរកិច្ចថ្មី ឌីជីថលឈានមុខមួយក្នុងតំបន់។បន្ថែមលើនេះ រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់លទ្ធភាពឱ្យធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជា អាចទាក់ទាញទុនវិនិយោគពីក្រៅប្រទេស បង្កើតការងារ ព្រមទាំងការពង្រីកបណ្ដាញទំនាក់ទំនងជាមួយដៃគូអាជីវកម្ម គ្រឹះស្ថានសិក្សា និងអ្នកជំនាញរបស់ក្រុមហ៊ុន Plug and Play ពីតំបន់ Silicon Valley អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។សូមជម្រាបជូនថា ក្នុងពិធីនេះ ក៏មានការរៀបចំកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹងឱកាសនិងបរិយាកាសវិនិយោគនៅកម្ពុជា ពីវាគ្មិនជាតិ និងអន្តរជាតិផងដែរ៕