(ភ្នំពេញ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នាពេលថ្មីៗនេះ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតថ្នាក់ជាតិតិចណូវេសិនកម្ពុជា និងអនាគតទេពកោសល្យឌីជីថល ឆ្នាំ២០២៥ (Technovation Cambodia x Future Digital Talent 2025) សម្រាប់កុមារី យុវតី កុមារា និងយុវជនវ័យក្មេងដែលរៀបចំដោយក្រុមហ៊ុន Tech For Kids Academy នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងអាណាព្យាបាលប្រមាណ២០០នាក់។កម្មវិធី Technovation Girls Cambodia x Future Digital Talents 2025 គឺជាកម្មវិធីបណ្តុះបណ្តាល និងប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាឌីជីថល និងសហគ្រិនភាព សម្រាប់សិស្សានុសិស្សទាំងអស់ចាប់ពីថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យនៅទូទាំងប្រទេស ដែលមានអាយុចាប់ពី ៨ឆ្នាំដល់ ១៨ឆ្នាំ តាមរយៈវគ្គបណ្ដុះបណ្ដាល១២សប្តាហ៍ អំពីចំណេះដឹងបច្ចេកវិទ្យាឌីជីថលថ្មីៗ ការស្វែងរកដំណោះស្រាយលើបញ្ហា ការសហការធ្វើការងារជាក្រុម ការធ្វើបទបង្ហាញជាសាធារណៈ ការបណ្ដុះគំនិតច្នៃប្រឌិត និងសហគ្រិនភាព។កម្មវិធីនេះ បានដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្សឌីជីថលនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។នៅក្នុងឆ្នាំ ២០២៥ នេះមានយុវជន ៩០៤នាក់ មកពី២១ រាជធានីខេត្ត បានដាក់ពាក្យចូលរួមហើយមាន ៦៤ ក្រុមបានដាក់គម្រោងចូលរួមប្រកួតថ្នាក់ជាតិ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរយៈពេល ១២សប្តាហ៍។ ក្នុងនោះ បេក្ខជនចំនួន ១៥ក្រុម បានជ្រើសរើសឡើងធ្វើបទបង្ហាញ អំពីគម្រោងរបស់ក្រុមនីមួយៗ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ បញ្ញាសិប្បនិម្មិត (AI) បង្កើតកម្មវិធីទូរសព្ទ គេហទំព័រ និងថ្នាលឌីជីថលនានា ដើម្បីស្វែងរកដំណោះស្រាយឌីជីថលលើបញ្ហានានា។តាមរយៈការរៀបចំកម្មវិធីប្រកួតប្រជែងខាងលើ សិស្សានុសិស្សនឹងទទួលបានឱកាស សាកល្បងសមត្ថភាព ទទួលបានចំណេះដឹងថ្មីៗ ក៏ដូចជាការបង្ហាញអំពីគំនិតច្នៃប្រឌិតរបស់ខ្លួន និងត្រៀមខ្លួនសម្រាប់ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថលនាពេលអនាគត ដើម្បីរួមចំណែកក្នុងការកសាងមូលធនមនុស្សឌីជីថល និងជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា៕