(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥នេះ ស្ត្រីជាពលករខ្មែរមួយរូប បានត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ តាមច្រកព្រំដែនប៉ោយប៉ែត ទាំងផ្ទៃពោះដល់ថ្ងៃសម្រាល។ គ្រាន់តែដើរឆ្លងដែនដល់ដីកម្ពុជាភ្លាម អ្នកស្រី សេង កែវមុនី បានប្រាប់ទៅមន្ត្រីក្រសួងការងារ ដែលឈរនៅច្រកព្រំដែនពីអាការៈផ្ទៃពោះរបស់ខ្លួន។ភ្លាមនោះ លោក ងិន វណ្ណៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការ គ.ក.ប នៃក្រសួងការងារ បានស្ទុះស្ទាជួយសម្របសម្រួលហៅរថយន្តពេទ្យដឹកទៅកាន់មណ្ឌលសុខភាពភ្លាមៗ ដើម្បីសម្រាល។ ក្រោមការយកចិត្តទុកដាក់របស់គ្រូពេទ្យ អ្នកស្រី កែវមុនី បានសម្រាលកូនប្រុសទម្ងន់ជាង៣គីឡូក្រាម ដោយសុវត្ថិភាព។អ្នកស្រីបានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារក្រសួងការងារ និងគ្រូពេទ្យដែលបានជួយអ្នកស្រី។លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ស្ត្រីជាពលរកខ្មែរម្នាក់ខណៈចេញពីប្រទេសត្រឡប់ចូលមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឈឺពោះសំរាលកូន ត្រូវបានអាជ្ញាធរខេត្តក្រុង មន្ត្រីពាក់ព័ន្ធជុំវិញច្រក រួមជាមួយក្រុមគ្រូពេទ្យប្រចាំការ ទទួលពលករវិលត្រឡប់មកប្រទេសវិញនោះ ក្រោមការណែនាំរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី)។លោកអភិបាលក្រុងប៉ោយប៉ែតបញ្ជាក់ថា ស្ត្រីដែលជាពលករខ្មែរឈ្មោះ សេង កែវមុនី ភេទស្រី អាយុជាង៣០ឆ្នាំ មានស្រុកកំណើត នៅស្រុកពាមរក៏ ខេត្តព្រះវែង ហើយលោកអភិបាលក្រុងបានឧបត្ថម្ភស្ត្រីសំរាលកូនជាថវិកា ៨០ម៉ឺនរៀល ពេលដែលស្ត្រីខាងលើមានសុខភាពរឹងមាំអាចចេញពីពេទ្យ រួចក្រុមការងារនឹងដឹកជញ្ជូនគាត់ដល់លំនៅឋាន។លោក អោក ទីណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានប្រាប់ថា ស្ត្រីដែលឈឺពោះឆ្លងទន្លេសំរាលកូននេះ កើតបានកូនប្រុស មានទំងន់៣១៦៨ក្រាម សំរាលនម៉ោង ១៤៖១០នាទី នៅថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២៥ទាំងម្តាយ និងកូន មានសុខភាពល្អធម្មតា ហើយឥលូវកំពុងឲ្យពួកគាត់សំរាកពេលរឹងមាំ ទើបអនុញ្ញាតឲ្យគាត់វិលទៅសំរាកនៅលំនៅឋានវិញ៕