(សាធារណៈរដ្ឋកូរ៉េ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុយ សមផល្លារិទ្ធិ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងលោកឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់ ព្រមទាំងមន្ត្រី២រូបអមដំណើរ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២ ស្តីពីបញ្ហាគ្រឿងញៀនតាមលំហរសមុទ្រ (The 2nd Maritime Narcotics International Conference)។ការចូលរួមនេះ ក្រោយទទួលបានការអនុញ្ញាតពី លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សន្និសីទអន្តរជាតិលើកទី២ ត្រូវបានរៀបចំឡើងដោយ ស្នងការឆ្មាំសមុទ្រនៃសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី១-៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង អ៊ិនឈុន សាធារណរដ្ឋកូរ៉េ ដោយមានសមាសភាពចូលរួមមកពីបណ្តាលប្រទេសផ្សេងៗប្រមាណ ៤៥នាក់។ដើម្បីឆ្លើយតបទៅនឹងកំណើននៃការចរាចរជួញដូរគ្រឿងញៀន តាមផ្លូវសមុទ្រ ទើបសន្និសីទអន្តរជាតិនេះ ត្រូវបានផ្ដួចផ្ដើមនិងរៀបចំឡើងក្នុងគោលបំណងសំខាន់គឺ៖*ទី១៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ពិសេសមន្ត្រីអនុវត្តច្បាប់គ្រឿងញៀន រួមចំណែកក្នុងការពង្រឹង និងគ្រប់គ្រងសន្តិសុខតាមលម្ហសមុទ្រ*ទី២៖ ចាត់តាំងឱ្យមានមន្ត្រីទំនាក់ទំនងដើម្បីផ្ដល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរព័ត៌មានពិសេស ព័ត៌មានចារកម្មស្តីពីមុខសញ្ញាក្រុមឧក្រិដ្ឋជននិងផ្លូវចរាចររបស់ពួកគេ៕