(ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានតាំងចិត្តខ្ពស់របស់ស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល និងមានក្តីសង្ឃឹមថាការប្រែប្រួលនៃការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិននេះ នឹងជំនួសមកវិញនូវទម្រង់នៃការផ្តល់ជំនួយមួយដែលកាន់តែមានប្រសិទ្ធិភាព។លោកស្រី Bridgette L. Walker បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិក និងបានជម្រាបជូនដល់ក្រសួងសុខាភិបាល ពីការកែរសម្រួលថ្មីៗរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានកាត់បន្ថយ និងតម្រង់ទិសឡើងវិញការផ្តល់ជំនួយមួយភាគធំរបស់ភ្នាក់ងារ USAID។ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការទ្វេភាគីនៃសហរដ្ឋអាមេរិកនានាដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) និងវិទ្យាស្ថានសុខភាពជាតិនៃសហរដ្ឋអាមេរិក (NIH) ដែល ភ្នាក់ងារទាំងនេះ បានសហការគាំទ្រវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ដែលមានភាពធន់ នៅកម្ពុជានាពេលកន្លងមក។លើសពីនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់ភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានបារម្ភចំពោះផលប៉ះពាល់នៃការកែប្រែលក្ខខណ្ឌ័នៃការផ្តល់ជំនួយរបស់រដ្ឋបាលថ្មី និងបានបញ្ជាក់ពីការខិតខំអស់ពីកំលាំងកាយចិត្ត ធ្វើការពន្យល់ដល់រដ្ឋាភិបាលអាមេរិក រហូតដល់អាចរក្សាបានគម្រោងមួយចំនួនដែលមានភាពចាំបាច់សម្រាប់ប្រជាជនកម្ពុជា ដែលងាយរងគ្រោះពិសេសទាក់ទងនឹង ការងារកាត់បន្ថយជំងឺរបេង លុបបំបាត់ជំងឺគ្រុនចាញ់និង លុបការឆ្លងរបស់ជំងឺអេដស៍។ជាមួយគ្នានោះលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីការតាំងចិត្តរបស់ក្រសួងសុខាភិបាល ក្នុងរាប់រងការងារឆ្លើយតបនឹងជំងឺឆ្លងដោយខ្លួនឯង និងការតាំងចិត្តទទួលខុសត្រូវក្នុងការចូលរួមជាមួយសកលលោកដើម្បី កាត់ផ្តាច់សង្វាក់នៃការឆ្លងនៃជំងឺឆ្លង ជាពិសេសជំងឺគ្រុនចាញ់ ជំងឺរបេង និង ជំងឺអេដស៍ដែលកម្ពុជាបាននឹងកំពុងសម្រេចបានសមិទ្ធិផលជាទីពេញចិត្ត។ទន្ទឹមនឹងការតាំងចិត្តនិងការទទួលខុសត្រូវ វិស័យសុខាភិបាល ក៍នៅតែស្វាគមន៍ជំនួយបន្ថែមពីដៃគូរពាក់ពន្ធ័ទាំងបច្ចេកទេសនិងថវិកា ដើម្បីជំរុញលទ្ធភាព របស់ប្រពន្ធ័សុខាភិបាលបានកើនឡើងមួយកំរិតទៀត។លោករដ្ឋមន្រ្តីបានផ្តល់ការគាំទ្រដល់ US-CDC និង NIH ដែលនៅមានសកម្មភាពបន្ត និងជំរុញអង្គភាពបច្ចេកទេសសុខាភិបាលក្រោមឱវាទក្រសួងសុខាភិបាលទាំងអស់ បន្តសហការល្អដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕