សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងរង់ចាំមើលបេក្ខភាពនាយករដ្ឋមន្ដ្រីថ្មីរបស់ថៃ ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ព្រោះលុះត្រាតែមាននាយករដ្ឋមន្ដ្រីថ្មី ទើបមានឆន្ទៈដោះស្រាយបាន (Video inside)

Wait 5 sec.

(ព្រះវិហារ)៖ ថ្លែងពីខេត្តព្រះវិហារ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ខណៈនេះកម្ពុជាកំពុងរង់ចាំមើល​នាយករដ្ឋមន្ដ្រីថ្មីរបស់ថៃ ដែលអាចនឹងមានការផ្លាស់ប្តូរនៅពេលខាងមុខដើម្បីដោះស្រាយ ករណីជម្លោះព្រំដែនជាមួយកម្ពុជា ព្រោះការដោះស្រាយបញ្ហានេះ លុះត្រាតែមាននាយករដ្ឋមន្ដ្រីថៃថ្មី ទើបមានឆន្ទៈក្នុងការដោះស្រាយបាន។​សម្តេចតេជោ ហ៊ុន សែន​ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។សម្តេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងសង្ឃឹមរង់ចាំថា នៅប្រទេសថៃនឹងមាននាយករដ្ឋមន្រ្តីថ្មី ហើយចេញមកដើម្បីនឹងដោះស្រាយជាកម្ពុជា ព្រោះនៅពេលនេះយើងមិនដឹងថាត្រូវចរចាជាមួយអ្នកណា អំណាចពិតប្រាកដ គឺជាអ្នកណា តើជាទ័ព ឬក៏ជាបក្សនយោបាយ ឬក៏អ្នកនៅក្រោយបក្សនយោបាយ ឬក៏ជានាយករដ្ឋមន្រ្តី វាអត់ដឹងថាអ្នកណាជាអ្នកមានអំណាចពិតប្រាកដ»។សម្តេចបានបញ្ជាក់បន្ថែមថា ស្ថានភាពនៅថៃបច្ចុប្បន្ននេះ អាចបង្ហាញបានថា លុះត្រាតែមាននាយករដ្ឋមន្រ្តីថ្មី ចូលកាន់តំណែងនាពេលខាងមុខ ទើបអាចនឹងមានសុឆន្ទៈដោះស្រាយជាមួយកម្ពុជា ហើយកម្ពុជាបានត្រៀមខ្លួនហើយក្នុងការធ្វើការជាមួយនាយករដ្ឋមន្រ្តីថៃក្រោយ។សម្តេចបានមានប្រសាសន៍ទៀតថា មិនមែនតែកម្ពុជាទេដែលរំពឹងថា កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មី សូម្បីតែប្រជាជនថៃក៏ត្រូវការមានមេដឹកនាំថ្មីផងដែរ។ទន្ទឹមគ្នាសម្តេចតេជោ សង្កត់ធ្ងន់ថា កម្ពុជាមិនមើលទៅថៃ និងទុកថៃជាសត្រូវនោះទេ ហើយកម្ពុជាក៏មិនដែលគាំទ្រខាងបក្សអាវក្រហម ឬអាវលឿង ​ឬបក្សណានោះទេ គឺកម្ពុជាធ្វើការគ្រប់ជាមួយតួអង្គទាំងអស់ដែលចូលមកគ្រប់គ្រងប្រទេសថៃ។ជាមួយគ្នានេះ ​សម្ដេចតេជោ ហ៊ុន សែន ​បានរំលឹកផងដែរថា ក្នុងជំនាន់អតីតនាយករដ្ឋមន្ដ្រីថៃ ប្រាយុទ្ធ ចាន់អូចារ ដែលបានដឹកនាំថៃរយៈពេលជិត១០ឆ្នាំ ដែលកាលនោះ​ទំនាក់ទំនងកម្ពុជា-ថៃ ​មិនដែលមានរឿងអ្វីកើតឡើងនោះទេ ហើយបានឈានទៅការភ្ជាប់ទំនាក់ទំនងខ្ពស់បំផុត​។ បើទោះបីជាលោកចេញពីយោធាក៏ដោយ ប៉ុន្តែលោកបានដឹកនាំប្រទេស និងបង្កើនទំនាក់ទំនងសាមគ្គីភាពជាមួយបណ្តាប្រទេសទាំងអស់ ផ្ទុយពីបច្ចុប្បនេះ ប្រទេសថៃ​មានបញ្ហាជាមួយគ្រប់ប្រទេសជាប់របងទាំងអស់ ដែលរួមមានបញ្ហាព្រំដែនជាមួយ ម៉ាឡេស៊ី​មីយ៉ាន់ម៉ា​ឡាវ ហើយបបច្ចុប្បន្ននេះ ក៏មានបញ្ហាព្រំដែនជាមួយកម្ពុជាទៀត ដែលព្រំដែនត្រូវបានបិទជាឯកតោភាគី៕