(ប៉ៃលិន)៖ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់ក្រុមការងារ និងសមត្ថកិច្ចចម្រុះ ដែលកំពុងប្រចាំការនៅមាត់ច្រកទ្វារព្រំដែន ត្រូវយកចិត្តទុក្ខដាក់ និងជួយសម្របសម្រួលជូនដល់បងប្អូនពលករ ដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយការទទួលខុសត្រូវខ្ពស់។លោកស្រីបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការណែនាំ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ ដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ត្រូវត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ជាពិសេសត្រូវជួយស្វែងរកការងារក្នុងស្រុកជូនដល់បងប្អូនពលករយើង។លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ដោយសារស្ថានភាពព្រំដែនកាន់តែតឹងតែង និងដោយមានការអំពាវនាវពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារ គ្រប់ គ្រាន់ក៏ដោយហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរបានធ្វើដំណើរ ឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជាបណ្តើរៗ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្នការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ព្រមទាំងជួយ រកការងារជូនបងប្អូនពលករផងដែរ។សូមបញ្ជាក់ថា៖ ច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឈមនឹងច្រកបានផាកាត ស្ថិតក្នុងភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ហើយបានក្លាយជាច្រកអន្តរជាតិផ្លូវការ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣ ក្នុងចំណោមច្រកអន្តរជាតិជាច្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ហើយនៅមុនពេលមានជម្លោះព្រំដែនកើតឡើង ច្រកទ្វារព្រំដែនអន្តរជាតិព្រំ មានភ្ញៀវទេសចរណ៍ ពលករ និងការដឹកជញ្ជូនទំនិញចេញ-ចូលឆ្លងកាត់ព្រំដែនយ៉ាងសកម្ម ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ រវាងមន្ត្រីជួរមុខទាំងទ្វេរភាគី កម្ពុជា និង ថៃ ផងដែរ។