កម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ បានជួបប្រជុំគ្នាជាលើកទី២ ដើម្បីបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ

Wait 5 sec.

(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានចាត់តាំងមន្ត្រីចំនួន១០រូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំលើកទី២ នៃក្រុមការងារត្រួតពិនិត្យសារធាតុគីមីផ្សំ ក្រុមការងារអប់រំបង្ការ និងក្រុមការងារកោសល្យវិច័យគ្រឿងញៀន នៃយន្តការប្រទេសហត្ថលេខីអនុស្សរណៈយោគយល់គ្នានៃប្រទេសមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានប្រតិភូកម្ពុជា បានជម្រាបជូនឱ្យដឹងមុនចាកចេញពីកម្ពុជា ថាកិច្ចប្រជុំនេះរៀបចំឡើងដោយអង្គការទទួលបន្ទកគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC ដែលមានសមាសភាពចូលរួមជាមន្រ្តីមកពីបណ្តាប្រទេសហត្ថលេខី (MoU) ឆ្នាំ១៩៩៣ ទាំង៦ គឺកម្ពុជា ចិន ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងអង្គការ UNODCសរុបចំនួន ៦០នាក់។កិច្ចប្រជុំនេះដែរគឺជាកិច្ចប្រជុំលើកទី២ដើម្បីធ្វើបច្ចុប្បន្នភាពលើការអនុវត្តនូវគម្រោងស្តីពីការរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគនៅក្នុងមហាអនុតំបន់ទន្លេមេគង្គបន្ទាប់ពីគម្រោងនេះត្រូវបានអនុម័តដោយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១៤ នៃប្រទេសហត្ថលេខី MoU ឆ្នាំ១៩៩៣ កាលពីខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅ នៅទីក្រុងប៉េកាំង និងបានធ្វើការប្រជុំលើកទី១ កាលពីឆ្នាំ២០២៤កន្លងទៅ។ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានឱ្យដឹងថា អង្គការ UNODC បានស្នើប្រទេសទាំងអស់ចាត់តំណាងរបស់ខ្លួនចំនួន១០រូបចូលជាសមាជិកនៃក្រុមការងារត្រួតពិនិត្យសារធាតុគីមីផ្សំ ក្រុមការងារអប់រំបង្ការ និងក្រុមការងារកោសល្យវិច្ឆ័យគ្រឿងញៀន ដែលបានចូលរួមប្រជុំលើកទី១ កាលពីឆ្នាំ២០២៤ កន្លងទៅ ដោយផ្តោតលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ ទី១. បន្តបច្ចុប្បន្នភាពនៃស្ថានភាពគ្រឿងញៀនដែលពាក់ព័ន្ធតាមវិស័យនៃក្រុមការងារនីមួយៗ ក្នុងប្រទេសសមាជិក ទី២. បន្តចែករម្លែកបទពិសោធន៍ល្អៗ យន្តការឆ្លើយតបក្នុងការអនុវត្តការងារតាមវិស័យនីមួយៗនាពេលកន្លងមក ទី៣. បន្តការពិភាក្សាពីតម្រូវការសម្រាប់អនុវត្តផែនការសកម្មភាពគម្រោងក្នុងកិច្ចប្រជុំលើកទី២ នឹងចាប់ថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ៕