មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ កម្ពុជា មានអត្រាស្លាប់ដោយសារការលង់ទឹកខ្ពស់ ជាពិសេសលេីកុមារ ទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត

Wait 5 sec.

(ភ្នំពេញ)៖ លោក សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា ការលង់ទឹកបណ្តាលឱ្យស្លាប់បាត់បង់ជីវិត ជាមូលហេតុមួយដ៏សំខាន់​ក្នុងចំណោមមូលហេតុផ្សេងៗ​នៃការស្លាប់នៅកម្ពុជា, បើតាមទិន្នន័យប៉ាន់ស្មានសុខភាពសកល កម្ពុជាមានអត្រាមរណៈដោយសារលង់ទឹកប្រមាណ ៧.៦នាក់ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ ដែលខ្ពស់ជាងមធ្យមភាគក្នុងតំបន់ និងមធ្យមភាគសកល ដែលការស្លាប់នេះភាគច្រើនកើតលើកុមារ។លោក សាន់ សាប់អី បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីការការពារ និងគ្រប់គ្រងការលង់ទឹកនៅសណ្ឋាគារមេគង្គ វីយូ ថោវើ និងដោយមានការចូលរួមពីលោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក សុទ្ធគឹម កុលមុនី អគ្គលេខាធិការរង​គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ លោកស្រីបណ្ឌិត អាដា ម៉ាត់ស៊ីរី តំណាងអង្គសុខភាពពិភពលោកប្រចាំនៅកម្ពុជា រួមទាំងមានសិក្ខាកាមជាច្រើនរូបទៀត។លោក សាន់ សាប់អី បានថ្លែងបញ្ជាក់ថា អត្រាមរណៈនៃការលង់ទឹក គឺខ្ពស់ដែលបង្ហាញពីបញ្ហាប្រឈម ផ្នែកសុខភាពសាធារណៈជាពិសេសសម្រាប់ក្រុមដែលងាយរងគ្រោះ ជាក់ស្តែងការស្លាប់ដោយសារការលង់ ទឹកពាក់ព័ន្ធនឹងកុមារអាយុក្រោម ១៥ឆ្នាំ និងមានអត្រាខ្ពស់បំផុតចំពោះកុមារ ដែលមានអាយុ ១ ដល់ ៤ឆ្នាំ។ ទោះបីជាមានការយល់ដឹង​ជាច្រើន​ទស្សវត្សរ៍មកក៏ដោយ នៅមានការរីកចម្រើនតិចតួច​ក្នុងការកាត់​បន្ថយ​ការស្លាប់​ដោយសារលង់ទឹក នៅក្នុងរយៈពេល ៤០ឆ្នាំ ចុងក្រោយនេះ ដោយបង្ហាញពីតម្រូវការសំខាន់សម្រាប់គោលដៅអន្តរាគមន៍។លោក សាន់ សាប់អី បានបន្ថែមថា នៅកម្ពុជាការលង់ទឹកគឺបណ្តាលឱ្យស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់នេះ ជាមូលហេតុមួយដ៏សំខាន់ក្នុងចំណោមមូលហេតុផ្សេងៗនៃការស្លាប់។ យោងតាមទិន្នន័យប៉ាន់ស្មានសុខ ភាពសកល ដែលបានចេញផ្សាយក្នុងឆ្នាំ២០២១ ប្រទេសកម្ពុជាមានអត្រាមរណៈដោយការលង់ទឹកប្រមាណ ៧.៦នាក់ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ ដែលខ្ពស់ជាងមធ្យមភាគក្នុងតំបន់ដែលមាន ៤.៣នាក់ និងមធ្យមភាគសកលដែលមានតែ ៣.៨នាក់។ការលង់ទឹកមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ វាអាចកាត់បន្ថយនូវមូលធនមនុស្ស និងបន្ទុកសេដ្ឋកិច្ច។ នៅទូទាំងពិភពលោកការប៉ាន់ប្រមាណតម្លៃសង្គម នៃការលង់ទឹកមានចំនួន ១៤៦៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥ ដោយសង្កត់ធ្ងន់លើផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនលើមូលហេតុដែលអាចការពារបាននៃការស្លាប់នេះ។ ជាង ៩០% នៃការស្លាប់ដោយសារលង់ ទឹកកើតឡើងនៅក្នុង ប្រទេស ដែលមានចំណូលទាប និងមធ្យម។លោក សាន់ សាប់អី បានបញ្ជាក់ដែរថា ការការពារ និងគ្រប់គ្រងការលង់ទឹកមានទំនាក់ទំនងយ៉ាងច្បាស់លាស់ទៅនឹងវឌ្ឍនភាពក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន ​ប្រកបដោយនិរន្តរភាពរបស់អង្គការ​សហប្រជាជាតិ (SDGs) ប៉ុន្តែការទទួលស្គាល់ និងសកម្មភាពដើម្បីការពារការលង់ទឹកក្នុងចំណោមរដ្ឋាភិបាល និងអង្គការអន្តរជាតិ គឺនៅឆ្ងាយពីផលប៉ះពាល់សុខភាពសាធារណៈនៅឡើយ។ ដើម្បីឆ្លើយតបទៅ​នឹងផលប៉ះពាល់សុខភាពសាធារណៈពីការលង់ទឹកនេះ ក្រសួងសុខាភិបាល ក៏បានរៀបចំ និងអនុម័តនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីការការពារ និងគ្រប់គ្រងការលង់ទឹកក្រោមការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកាពីការអង្គការសុខភាពពិភពលោក និងអង្គការចលនា ដើម្បីសុខភាពកម្ពុជាផងដែរ៕