(កណ្តាល)៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ គណបក្សប្រជាជនកម្ពុជាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរៀបចំពិធីអបអរសាទរខួប៧៤ឆ្នាំនៃថ្ងៃកំណើតរបស់បក្ស។ពិធីនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការគណបក្សស្រុកកណ្តាលស្ទឹង ក្រោមអធិបតីភាព លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់ និងជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងមានការអញ្ជើញចូលរួមពីក្រុមការងារបក្សប្រជាជនកម្ពុជាចុះជួយស្រុកកណ្តាលស្ទឹង ថ្នាក់ដឹកនាំ និងសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកកណ្តាលស្ទឹងជាច្រើនរូបផ្សេងទៀត។ជាកិច្ចចាប់ផ្តើមកម្មវិធី លោក អ៊ូច សាវឿន ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកណ្តាលស្ទឹង បានឡើងអាននូវសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដែលបានថ្លែងអង្គមិទ្ទិញអបអរខួបកំណើតបក្សកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។ក្នុងសុន្ទរកថានោះ បានគូសរំលេចនូវសកម្មភាពដែលពោរពេញដោយឆន្ទៈមនសិការចំពោះជាតិ និងប្រជាជនរបស់គណបក្សប្រជាជនកម្ពុជា ហើយបានសម្រេចនូវសមិទ្ធផលត្រចះត្រចង់ជាច្រើនដូចជា ការតស៊ូរំដោះជាតិពីអាណានិគមនិយម, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្តួលរំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិឡើងវិញ, ការការពារជាតិ និងស្តារកសាងប្រទេសឡើាងវិញ, ការកសាងសន្តិភាព និងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ក្នុងសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចទៀតថា ឆ្លងកាត់រយៈពេល៧៤ឆ្នាំមកនេះ ការពិតជាក់ស្តែង បានបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូល ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។សុន្ទរកថាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានគូសរំលេចពីវឌ្ឍនភាពសង្គម ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា ដែលសម្រេចបានក្នុងរយៈពេល៥៦ឆ្នាំ ក្រោយពេលប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍ ជាពិសេសក្រោយពេលកម្ពុជារកបានសុខសន្តិភាពទាំងស្រុងនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។បន្ទាប់ពីប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកណ្តាលស្ទឹងអានសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន រួចហើយនោះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានយកឱកាសនោះ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្ស ដែលបានចូលរួមក្នុងកម្មវិធីផងដែរ។លោកអ្នកឧកញ៉ា បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានរួបរួមសាមគ្គី និងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តអនុវត្តន៍នូវកម្មវិធីនយោបាយ ក៏ដូចជាសកម្មភាពនានាដាក់ចុះដោយបក្ស ហើយធ្វើឱ្យបក្សទទួលបានការគាំទ្រទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនាពេលកន្លងមក។ក្រៅពីការនាំយកនូវការនឹករលឹក និងការកោតសរសើររបស់ថ្នាក់ដឹកនាំបក្សជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សក្នុងស្រុកកណ្តាលស្ទឹងហើយនោះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏ឆ្លៀតលើកបង្ហាញពីព្រឹត្តិការណ៍ថ្មីៗកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ជាពិសេសព្រឹត្តិការណ៍នៃវិវាទព្រំដែនរវាងកម្ពុជា-ថៃ។ពាក់ព័ន្ធនឹងវិវាទព្រំដែនរវាងកម្ពុជា និងថៃនេះ លោកឧកញ៉ា ទ្រី ភាព បានគូសរំលេចពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាកើតចេញពីគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងកិច្ចការពារទឹកដី ដោយមិនឱ្យនរណាមកឈ្លានពានបាននោះឡើយ។ក្រៅពីការគិតគូរលើកិច្ចការពារទឹកដីដោយប្រើយន្តការទ្វេភាគី អន្តរជាតិ និងយោធាហើយនោះ រាជរដ្ឋាភិបាល ក៏បានបន្តយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋត្រូវភៀសសឹក ពលករខ្មែរត្រូវវិលត្រឡប់មកពីប្រទេសថៃជាដើម។ សម្រាប់លោកអ្នកឧកញ៉ា វិធានការទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនាពេលនេះ គឺបានស្តែងឱ្យឃើញច្បាស់ពីឆន្ទៈមនសិកាស្នេហាជាតិ ទឹកដី ប្រជាជន ក៏ដូចជាសមត្ថភាពដឹកនាំប្រទេសរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។ ជាពិសេសនៅពេលជាតិមានបញ្ហា ទាំងសម្តេចតេជោ សម្តេចមហាបវរធិបតី តែងនៅជាមួយជាតិ និងប្រជាជន ហើយតម្កល់នូវឧត្តមប្រយោជន៍ជាតិជាចម្បងមិនឱ្យនរណារំលោភបំពានបានឡើយ។គ្រាដែលប្រទេសជាតិកំពុងប្រឈមនឹងការឈ្លានពានពីសំណាក់ប្រទេសជិតខាងនេះ លោកអ្នកឧកញ៉ា ទ្រី ភាព បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវរួមចិត្តកាយស្មារតីគ្នាជាធ្លុងជាមួយរាជរដ្ឋាភិបាល ជាមួយកងទ័ព ដើម្បីការពារទឹកដី និងអធិបតេយ្យជាតិ។និយាយដល់ស្មារតីការពារទឹកដី និងអធិបតេយ្យជាតិពីការឈ្លានពានរបស់ថៃនាពេលនេះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានសម្តែងការខឹងសម្បាជាមួយបក្សប្រឆាំងក្រៅប្រទេសដឹកនាំដោយលោក សម រង្ស៊ី ដែលធ្វើសកម្មភាពញុះញង់បំបែកបំបាក់ស្មារតី និងទឹកចិត្តរបស់កងទ័ព ជាពិសេសចូលរួមជាមួយថៃផ្សព្វផ្សាយនូវព័ត៌មាននានាជាន់ឈ្លីដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិកម្ពុជា។សូមបញ្ជាក់ថា ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា ទ្រី ភាព បាននាំយកថវិកាជូនដល់ក្រុមការងារគណបក្សស្រុក-ឃុំ នគរបាល-អាវុធហត្ថស្រុក និងប្រជាពលរដ្ឋ ព្រមទាំងចំណាយផ្សេងៗអស់ទឹកប្រាក់ប្រមាណ ១៣០លានរៀល៕