ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជំរុញម្ចាស់សហគ្រាសនៅកម្ពុជា ក្តាប់​ឱកាសល្អសម្រាប់ផលិតផលរបស់ខ្លួន ក្នុងពេលពលរដ្ឋមាន​ស្មារតីស្នេហាជាតិ និងចលនារួបរួមជាតិ​កាន់តែមានសន្ទុះខ្លាំង (Video inside)

Wait 5 sec.

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានជំរុញ និងលើកទឹកចិត្តដល់ សហគ្រាសធុនមីក្រូ, តូច, និង មធ្យម ត្រូវខិតខំម្ចាស់ការ និងប្រឹងប្រែងផលិត ពោលគឺត្រូវក្តាប់ឲ្យជាប់នូវកាលានុវត្តភាពដ៏មានតម្លៃពេលនេះ ខណៈ​ស្មារតី ស្នេហាជាតិ និងចលនារួបរួមជាតិ កាន់តែមានសន្ទុះខ្លាំងឡើង។ការជំរុញ​របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ធ្វើឡើងនៅក្នុងកម្មពិធីបើកទិវាជាតិសហគ្រាសធុនមីក្រូតូច និងមធ្យមលើកទី២ ក្រោមមូលបទ «ការត្រៀមលក្ខណៈរបស់ សហគ្រាសធុនមីក្រូតូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច»។​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ខណៈដែលស្មារតីស្នេហាជាតិ និងចលនារួបរួមជាតិ កាន់តែមានសន្ទុះខ្លាំងឡើង​ ដែលជំរុញដល់ការលើកស្ទួយ និងការឲ្យតម្លៃផលិតផលក្នុងស្រុកខ្ពស់ជាងផលិតផលនាំចូលពីប្រទេសជិតខាង។ ការណ៍នេះ គឺជាកាលានុវត្តភាពមួយដ៏វិសេសសម្រាប់ការអភិវឌ្ឍសមត្ថភាព​ ការធ្វើពិពិធកម្មផលិតផលក្នុងស្រុក និងការពង្រឹងឧត្តមភាពប្រកួតប្រជែង របស់សហគ្រាសធុន មីក្រូ, តូច, និង មធ្យម, ដែលនឹងចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និង ការពង្រឹងឯករាជ្យភាពនៃសេដ្ឋកិច្ចជាតិ។អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា «ក្នុងបរិការណ៍នេះនិយាយដោយឡែក​សហគ្រាសធុនមីក្រូ, តូច, និង មធ្យម ត្រូវខិតខំម្ចាស់ការ និង ប្រឹងប្រែងក្តាប់ឲ្យជាប់ នូវកាលានុវត្តភាព ដ៏មានតម្លៃនេះ, ដោយត្រូវឆ្លើយតបឲ្យបានជាអតិបរមា ទៅនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ, ទាំងក្នុងរយៈពេលខ្លី, មធ្យម និង វែង ខាងមុខ ។ និយាយជារួម, រាជរដ្ឋាភិបាល ក៏នឹងបន្តពង្រឹងភាពប្រកួតប្រជែង, ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ តាមរយៈការកែលម្អបរិយាកាសធុរកិច្ច, ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក សំដៅជំរុញការតភ្ជាប់ ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និង សកល, ការចាប់យកសកម្មភាពផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់, ការបង្កើតការងារសម្រាប់ពលកម្មដែលមានជំនាញ, ការពង្រីកមូលដ្ឋាន សេដ្ឋកិច្ចជាតិឲ្យកាន់តែទូលំទូលាយ ។ល។» ​​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងបន្ថែមថា កម្ពុជា​ត្រូវបានបន្តហ៊ុមព័ទ្ធដោយកត្តាហានិភ័យចម្បងៗខាងក្រៅ ដែលពុំចំណុះនឹងការគ្រប់គ្រងរបស់ខ្លួនឡើយ​ ក្នុងនោះ រួមមានជាអាទិ៍៖ ភាពមិនប្រាកដ​ប្រជាខ្ពស់នៃស្ថានភាពសកល ដោយសារការបន្តប្រឈមមុខខាងភូមិសាស្ត្រនយោបាយ កាន់តែស្រួចស្រាល់​ ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មអន្តរជាតិ, ការងើបមកវិញនៃនិន្នាការឯកតោភាគីនិយម​ ភាពមិនច្បាស់លាស់នៃទស្សនវិស័យនៃកំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេស និងតំបន់ ជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា,​ កម្មវិបាកនៃគោលនយោបាយពន្ធបដិការ របស់សហរដ្ឋអាម៉េរិក, ជម្លោះព្រំដែនដែលបង្កឡើងដោយប្រទេសជិតខាង របស់កម្ពុជា នាពេល ថ្មីៗនេះ ។ល។អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ​​ស្ថិតក្នុងស្ថានភាពនៃការបង្កអរិភាពខាងលើ, ទន្ទឹមនឹងការឆ្លើយតបដោយម៉ឺងម៉ាត់ ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ក្នុងការការពារអធិបតេយ្យ និងកិត្យានុភាពជាតិ​ រាជរដ្ឋាភិបាល បាននិងកំពុង តាមដាន និងវាយតម្លៃស្ថានការណ៍ជាក់ស្តែង ដោយយកចិត្តទុកដាក់បំផុត ព្រមទាំងថ្លឹងថ្លែង និងត្រៀមដាក់ចេញនូវវិធានការឆ្លើយតប មុតស្រួចលើគ្រប់វិស័យទាំងឡាយសំដៅ, ម្ខាង រក្សាចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជារួម និង ម្ខាងទៀត​ ប្រែក្លាយបញ្ហាប្រឈមនេះ ឲ្យក្លាយទៅជាកាលានុវត្តភាព​ ជាពិសេស សម្រាប់ការលើកកម្ពស់សហគ្រាសធុនមីក្រូ, តូច, និង មធ្យម ផ្ទាល់តែម្តង, ខណៈដែលស្មារតី ស្នេហាជាតិ និង ចលនារួបរួមជាតិ កាន់តែមានសន្ទុះខ្លាំងឡើង, ដែលជំរុញដល់ការលើកស្ទួយ និង ការឲ្យតម្លៃផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីប្រទេសជិតខាង​៕