គាំទ្រផលិតក្នុងស្រុក! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចាត់ក្រុមការងារចុះទិញល្ពៅដល់ចម្ការនៅខេត្តព្រះវិហារ ជាច្រើនតោន

Wait 5 sec.

(ព្រះវិហារ)៖ ក្រោយពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវឲ្យជំរុញការគាំទ្រផលិតផលក្នុងស្រុក ដើម្បីបង្កើនទីផ្សារដល់កសិករ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានណែនាំក្រុមការងារចុះដល់ទីតាំងចម្ការល្ពៅរបស់កសិករខ្មែរ នៅខេត្តព្រះវិហារ ដើម្បីបង្ហាញឆន្ទៈរឹងមាំក្នុងការគាំទ្រកសិផលជាតិ។ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចុះទៅដល់ទីតាំងចម្ការរបស់ប្រជាកសិករតែម្តង ដើម្បីប្រមូលទិញល្ពៅជាច្រើនតោន សម្រាប់ចែកជូនប្រជាពលរដ្ឋតាមខេត្តផ្សេងទៀត ពិសេសនោះ ជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក ពីបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងស្នាក់នៅវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។តាមរយៈសកម្មភាពរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នាពេលនេះ បង្ហាញឲ្យឃើញពីកាយវិការប្រកបដោយសប្បុរស ក្នុងស្មារតីគាំទ្រផលិតក្នុងស្រុករបស់យើងផង គាំទ្រដល់បងប្អូនជាជនភៀសសឹកផង ក្នុងគ្រាប្រទេសកំពុងបញ្ហាប្រឈមជាមួយប្រទេសជិតខាង។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គាំទ្រផលិតផលផលិតក្នុងស្រុក និងខិតខំធ្វើការដាំដុះ និងកែច្នៃទំនិញសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងការប្រើប្រាស់ផ្សេងទៀត។ការគាំទ្រនេះ របស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានក្លាយជាការលើកទឹកចិត្តដ៏សំខាន់ សម្រាប់ប្រជាកសិកររបស់យើង ក្នុងការជំរុញការផលិតនូវផលិតផលក្នុងស្រុកបន្ថែម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕