(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យលោក គីម ជុងណាម ប្រធានមូល និធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ និងប្រតិភូមូលនិធិ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា និងបានពិភាក្សាអំពីការងារសកម្មភាពមនុស្សធម៌ និងសក្ដានុពលវិនិយោគនៅកម្ពុជានារសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។តាងនាម សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អនុប្រធានទី១ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា ជាលើកទី៣។លោកអនុប្រធានទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ចិត្តសប្បុរសរបស់មូលនិធិ តាមរយៈការផ្ដល់អំណោយដ៏ថ្លៃថ្លាជាថវិកានិងសម្ភារៈនានា សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា នៅតាមបណ្ដារាជធានី/ខេត្ត និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។លោកបានសង្កត់ធ្ងន់ថា សកម្មភាពសប្បុរសធម៌នេះមិនត្រឹមតែរួមចំណែកជួយដោះស្រាយ នូវភាពខ្វះខាតជូនដល់ប្រជាជនទីទ័លក្រ និងងាយរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយពូនជ្រំកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។អនុប្រធានទី១រូបនេះ ក៏បានសម្តែងនូវមោទនភាព និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សា.កូរ៉េ ដែលត្រូវបានពង្រឹង និងពង្រីកជាប្រចាំលើគ្រប់វិស័យរួមទាំងវិស័យ នយោបាយ ការបរទេស សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សិល្បៈ វប្បធម៌ អប់រំ សុខាភិបាល កីឡា ជំនួយមនុស្សធម៌ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ក្រោយពីការផ្សាភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ ដែលមានសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម គីម យ៉ុងសាំ អតីតប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ជាសហស្ថាបនិក។លោក បានបន្ថែមថា ទំនាក់ទំនងដ៏ល្អប្រសើរនេះត្រូវបានដំឡើងកម្រិតជា «ដៃគូយុទ្ធសាស្ត្រ» ក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤។លោកអនុប្រធានទី១ ជឿជាក់យ៉ាងមុតមាំថា កិច្ចសហការដ៏ល្អរវាងមូលនិធិ ជាមួយនឹងគណៈកម្មការ ទី១០ នៃព្រឹទ្ធសភា ដឹកនាំដោយ លោក ម៉ម ប៊ុននាង និងក្រុមមិត្តភាពសមាជិកព្រឹទ្ធសភាកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងបន្តរីកចម្រើនថែមទៀត ព្រមទាំងរួមចំណែកដ៏សំខាន់ ដល់ការលើកកម្ពស់ទំនាក់ទំនងនិងមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ។ឆ្លៀតឱកាសនេះដែរ លោកអនុប្រធានទី១ ក៏បានជម្រាបជូនគណៈប្រតិភូកូរ៉េអំពីបរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគនៅកម្ពុជា និងស្នើគណៈប្រតិភូកូរ៉េពិចារណាវិនិយោគក្នុងវិស័យសក្ដានុពល ជាពិសេសវិស័យកសិ-ឧស្សាហកម្ម ពីព្រោះថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងវិស័យនេះ និងមានដំណាំយុទ្ធសាស្ត្រ ជាច្រើន រួមមាន ស្វាយចន្ទី ដំឡូងមី និងដំណាំស្រូវ ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។ជាការឆ្លើយតប លោក គីម ជុងណាម បានកត់សម្គាល់នូវការអភិវឌ្ឍយ៉ាងឆាប់រហ័សក្រោមម្លប់នៃសុខសន្តិភាព នៅកម្ពុជា និងបញ្ជាក់ថា «លោកពិតជាស្រលាញ់ប្រទេសកម្ពុជាខ្លាំងណាស់»។លោកប្រធានមូលនិធិ បានសង្កេតឃើញពីសកម្មភាពយ៉ាងផុះផុលរបស់ស្ថាប័នព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណចំពោះការគាំទ្រ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យសកម្មភាពមនុស្សធម៌របស់មូលនិធិនៅកម្ពុជា ប្រព្រឹត្តទៅដោយផ្លែផ្កា មានតម្លាភាព ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។លោកប្រធានមូលនិធិ បានជម្រាបជូនភាគីកម្ពុជា អំពីការប្ដេជ្ញាចិត្ត និងផែនការរបស់មូលនិធិក្នុងការបន្ថែមទឹកប្រាក់ និងបង្កើនសកម្មភាពសប្បុរសធម៌នៅកម្ពុជា ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាបន្ថែមទៀត៕