(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោក ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានដឹកនាំក្រុមការងារ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។លោក សុក ខា បានទទួលមរណភាពនៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៧៖៥៥នាទី ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសនោះ លោក ឡាវ វ៉ាន់ បាននាំយកសាររំលែកមរណទុក្ខរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត និងបច្ច័យមួយចំនួន ចូលរួមរំលែកនូវទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវជាកូនប្រសារនៃសព។ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុត និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក សុក ខា សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕