កម្ពុជាដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំផែនការ សម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥ (ARDEX-25)

Wait 5 sec.

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញបើកកិច្ចប្រជុំក្រុមការងាររៀបចំផែនការចុងក្រោយសម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះ មហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥ (ARDEX-25) នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក Lee Yam Ming នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល AHA, លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, តំណាងរដ្ឋសមាជិកអាស៊ាន និងអាជ្ញាធរពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់កម្ពុជា។នាឱកាសនោះ លោក គីម វីរៈ ថ្លែងថា ក្នុងនាមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានសេចក្តីសោមន្សរីករាយចំពោះការអញ្ជើញចូលរួមពីបណ្តា ប្រទេសជាសមាជិកអាស៊ាន ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដែលចូលរួមក្នុងពេលប្រទេសកម្ពុជា ជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងាររៀបចំផែនការចុងក្រោយ សម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥។ក្នុងឱកាសនោះ លោក គីម វីរៈ ថ្លែងថា ប្រទេសកម្ពុជាមានមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះ ARDEX-25 នៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ ពិសេសក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) នឹងសហការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះជាមួយមជ្ឈមណ្ឌល AHA ឱ្យទទួលបានជោគជ័យ និងតបតាមស្មារតីរួមរបស់អាស៊ាន។លោក គីម វីរៈ បញ្ជាក់ថា តំបន់អាស៊ានស្ថិតក្នុងចំណោមតំបន់ដែលងាយរងគ្រោះបំផុតបណ្តាលមកពីអាកាសធាតុ និងគ្រោះថ្នាក់ធម្មជាតិ ដោយសារការប្រែប្រួលអាកាសធាតុ។ជាមួយបញ្ហានេះលោក គីម វីរៈ បញ្ជាក់ថា ការខិតខំរបស់អាស៊ានសម្រាប់តួនាទីលើការគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនិងមានសារៈសំខាន់ណាស់ ពិសេសក្នុងពេលអនុវត្ត ARDEX ដើម្បីពង្រឹងសមត្ថភាពក្នុងការឆ្លើយតបទាំងក្នុង និងក្រៅតំបន់។លោក គីម វីរៈ បន្ថែមថា នេះជាលើកទីពីរហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសមយុទ្ធថ្នាក់តំបន់ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីមជ្ឈមណ្ឌល AHA ក្នុងគោលបំណងធ្វើលំហាត់ដ៏ទូលំទូលាយ រួមទាំងលំហាត់លើតុ (TTX) លំហាត់បញ្ជាការប្រកាស (CPX) និងលំហាត់ហ្វឹកហ្វឺនលើវាល (FTX) ដែលទាំងអស់នេះជាការសាកល្បងយ៉ាងហ្មត់ចត់ និងពិនិត្យមើលយន្តការសម្របសម្រួលជាតិ និងប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់។លោក គីម វីរៈ រំពឹងថា ការធ្វើជាម្ចាស់ផ្ទះ ARDEX-25 នឹងពង្រឹងយន្តការក្នុងតំបន់របស់យើង និងពង្រឹងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយរបស់យើង ជាពិសេសសម្រាប់ជំនួយក្នុងតំបន់ ឬអន្តរជាតិ៕