(កំពង់ស្ពឺ)៖ ក្រោមពាក្យស្លោក «ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារប៉ា ម៉ានី» នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងារសម្របសម្រួលជាមួយវិស័យសុខាភិបាលនៅខេត្តកំពង់ស្ពឺ របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកបណ្ឌិត ហេង សុខគង់ បានចុះសួរសុខទុក្ខអ្នកគ្រូពេទ្យ ភួង ស្រីដែន បម្រើការនៅមណ្ឌលសុខភាពពោធិ៍ម្រាល ស្ថិតក្នុងឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលទើបបានសម្រាលបុត្រ និងកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋានក្នុងឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ។ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោកអភិបាលស្រុកបសេដ្ឋ, លោកវេជ្ជបណ្ឌិត រ៉ិត ចំណាប់ តំណាងលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្ត និងសហការី។ជាមួយនឹងការនាំបណ្តាំសួរសុខទុក្ខ និងការអបអរសាទរមកជូនអ្នកគ្រូពេទ្យ និងក្រុមគ្រួសារ ក្រុមការងារក៏បាននាំយកមកនូវវត្ថុអនុស្សាវរីយ៍ជាឃិតទារកដ៏ស្រស់ស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មកជូនដល់បុត្រារបស់អ្នកគ្រូពេទ្យឈ្មោះ ឈឿន ណារិទ្ធីស័ក្តិ ផងដែរ និងសូមជូនពរឲ្យទារកចម្រើនវ័យដោយមានសុខភាពល្អ ជាកូនល្អក្នុងគ្រួសារ ក្នុងសង្គមជាតិ និងមានអនាគតល្អរុងរឿង៕