អគ្គលេខាធិការងនៃអង្គការសម្ព័ន្ធពិភពឥស្លាម៖ កម្ពុជា ជាប្រទេសគំរូមួយនៅលើពិភពលោក ដែលធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

Wait 5 sec.

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត មហាំម៉ាត់ សាអ៉ីត អាល់ម៉ាជឌូអ៉ី អគ្គលេខាធិការរង នៃអង្គការសម្ព័ន្ធពិភពឥស្លាម មានមូលដ្ឋាននៅទីក្រុងម៉ាក់កា ប្រទេសអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅ សណ្ឋាគារសុខាភ្នំពេញ។ក្នុងឱកាសនៃជំនួបនោះ លោកបណ្ឌិតអគ្គលេខាធិការង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងបានថ្លែងអំណរគុណកម្ពុជាចំពោះកិច្ចស្វាគមន៍រូបលោក និងគណៈប្រតិភូ ចូលរួមកិច្ចកិច្ចប្រជុំកំពូលឥស្លាមក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា» នាឱកាសនេះ។លោកបណ្ឌិតក៏បានសម្ដែងក្ដីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀត និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ របស់កម្ពុជា ជាពិសេសការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច និងវិស័យអប់រំ ដែលការណ៍នេះបានធ្វើឱ្យបណ្ដាប្រទេសលើពិភពលោក កាន់តែចាប់ផ្ដោតការយកចិត្តទុកដាក់ខ្ពស់ថែមទៀតមកលើកម្ពុជា។ បន្ថែមលើនេះ លោកបណ្ឌិត ក៏បានលើកឡើងថា កម្ពុជា ជាប្រទេសគំរូមួយនៅលើពិភពលោក ដែលធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះលោកបណ្ឌិតអគ្គលេខាធិការរង និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំកំពូលនេះ ជាលើកដំបូងនៅកម្ពុជា។សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលគោរព និងផ្ដល់តម្លៃដល់ការគោរពបដិបត្តិជំនឿសាសនាផ្សេងៗ ហើយរាជរដ្ឋាភិបាល នីតិកាលមុនៗ ក៏ដូច នីតិកាលទី៧ នៃរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាការរួមរស់ជាមួយគ្នាក្នុងចំណោមសាសនាផ្សេងៗ នៅក្នុងសង្គមកម្ពុជា ប្រកបដោយសុខដុមរមនា។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ពីសារៈសំខាន់ និងតួនាទីរបស់សាសនាក្នុងការចូលរួមចំណែកដល់ការអប់រំប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យសង្គមជាតិមួយ គ្មានជម្លោះ និងមានសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ។ជាមួយគ្នានេះ នៅក្នុងយុគសម័យឌីជីថល សាសនាកាន់តែមានតួនាទីសំខាន់ថែមទៀតក្នុងការលើកកម្ពស់ការអប់រំប្រជាពលរដ្ឋ ជាពិសេសនៅកម្ពុជា សាសនាពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមជាតិ ដោយបានចូលរួមចំណែកយ៉ាងច្រើនដល់ការលើកកម្ពស់ការអប់រំតម្លៃមនុស្ស សីលធម៌ និងគុណធម៌ និងការកសាងខ្លួនជាពលរដ្ឋល្អសម្រាប់ប្រទេសជាតិ៕