(ភ្នំពេញ)៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) របស់កម្ពុជា និង វិទ្យាស្ថាន Institute for Adult Learning Singapore (IAL) ដែលជាស្ថាប័នឈានមុខគេ ក្នុងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលយុវជន និងគ្រូបង្គោល របស់សិង្ហបុរី បានប្តេជ្ញារួមគ្នាក្នុងការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលើកកម្ពស់កំណើនការងារក្នុងប្រទេសរបស់ខ្លួន និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រេចបានសមិទ្ធផលជាច្រើនទៀត សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ការប្តេជ្ញារួមគ្នារបស់ស្ថាប័នអភិវឌ្ឍន៍ជំនាញកម្ពុជា-សិង្ហបុរីនេះ ធ្វើឡើងក្នុងឱកាសថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ បានជួបពិភាក្សាការងារជាមួយគ្នា និងការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ជាមួយគ្នា រយៈពេល២ថ្ងៃ នាថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។កម្មវិធីទី១៖ នាថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានទទួលជួបពិភាក្សាការងារជាមួយលោក YEO LI PHEOW នាយកប្រតិបត្តិ Institute for Adult Learning Singapore (IAL) ដែលជាស្ថាប័នឈានមុខគេ ក្នុងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលយុវជន និងគ្រូបង្គោល និងជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយ SkillsFuture Singapore (SSG) ដែលជាស្ថាប័នជំនាញក្នុងការដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍជំនាញថ្នាក់ជាតិ នៅប្រទេសសិង្ហបុរី។បណ្ឌិត ផាន់ ផល្លា បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក YEO LI PHEOW និងសហការី ដែលបានឆ្លៀតពេលជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍជំនាញរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី។ក្នុងជំនួបពិភាក្សានេះ IAL បានចែករំលែកបទពិសោធន៍ល្អៗ នៃការអភិវឌ្ឍជំនាញរបស់ប្រទេសសិង្ហបុរី ដោយផ្តោតសំខាន់លើ ១៖ យុទ្ធសាស្ត្រនៃការលើកកម្ពស់ការអភិវឌ្ឍជំនាញ, ២៖ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន (Public-Private Partnership) ក្នុងការជំរុញការអភិវឌ្ឍជំនាញ ដែលត្រូវនឹងតម្រូវការឧស្សាហកម្ម និង ៣៖ ក្របខ័ណ្ឌជំនាញ (Skills Framework) ដែលជាគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីជួយតម្រង់ទិសដល់និយោជិត, និយោជក, យុវជន និងគ្រឹះស្ថានបណ្តុះបណ្តាលក្នុងការអភិវឌ្ឍជំនាញ។ក្នុងឱកាសនោះដែរ បណ្ឌិត ផាន់ ផល្លា បានចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជា តាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្នុងរយៈពេល៦ឆ្នា ចុងក្រោយនេះ ទាំងបទពិសោធន៍ជោគជ័យ និងបញ្ហាប្រឈមនានា ដែលរាំងស្ទះការបង្កើនល្បឿនក្នុងការពង្រឹង និងពង្រីកបេសកកម្មអភិវឌ្ឍន៍ជំនាញរបស់ SDF។គួរបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥, IAL ក៏បានជួបពិភាក្សាការងារបច្ចេកទេសជាមួយ លោកនាយកប្រតិបត្តិ នៃមូលនិធិអភិវឌ្ឍន៍ជំំនាញ (SDF) ដើម្បីស្វែងយល់ពីបេសកកម្ម និងការងារអាទិភាពដែល SDF បាន និងកំពុងអនុវត្តក្នុងគោលបំណងពិនិត្យលទ្ធភាពដែល IAL អាចបន្តគាំទ្រ SDF នាពេលខាងមុខ។តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ នៃការអភិវឌ្ឍជំនាញនៃប្រទេសទាំងពីរ, SDF និង IAL មានចក្ខុវិស័យស្ទើរតែដូចគ្នាទាំងស្រុង ក្នុងការអភិវឌ្ឍមូលធនមនុស្សក្នុងប្រទេសរបស់ខ្លួន ដែលឱកាសនេះមិនត្រឹមតែជាជំនួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រាប់កិច្ចការបន្តជាច្រើនផ្សេងទៀត ដើម្បីលើកកម្ពស់កំណើនការងារ ក្នុងប្រទេសរបស់ខ្លួន និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រេចបានសមិទ្ធផលជាច្រើនទៀត សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។កម្មវិធីទី២៖ ដោយសម្លឹងឃើញពីគន្លឹះជោគជ័យរបស់ប្រទេសសិង្ហបុរី តាមរយៈការអភិវឌ្ឍជំនាញ ដើម្បីបង្កើនភាពរីកចម្រើនក្នុងអាជីពការងារ និងអាជីវកម្ម និងទទួលស្គាល់ថាចក្ខុវិស័យ ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ SDF មានលក្ខណៈស្របគ្នាយ៉ាងខ្លាំងជាមួយបេសកកម្មរបស់ប្រទេសសិង្ហបុរី, SDF បានសហការជាមួយ Institute for Adult Learning Singapore (IAL) ដែលជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយ Skills Future Singapore (SSG) ដែលជាស្ថាប័នជំនាញក្នុងការដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍជំនាញថ្នាក់ជាតិនៅប្រទេសសិង្ហបុរី, ធ្វើការរៀបចំសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍជំនាញរបស់ប្រទេសសិង្ហបុរី» ជូនដល់ថ្នាក់ដឹកនាំរោងចក្រ-សហគ្រាស និងគ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៤០ស្ថាប័ន ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច រាជធានីភ្នំពេញ។លោក YEO LI PHEOW នាយកប្រតិបត្តិ IAL បានចែករំលែកបទពិសោធន៍ល្អៗរបស់ប្រទេសសិង្ហបុរី ក្នុងការអភិវឌ្ឍជំនាញដែលគន្លឹះជោគជ័យសម្រាប់យុវជន និងម្ចាស់រោងចក្រ-សហគ្រាសគ្រប់កម្រិត បង្កើនភាពររីកចម្រើនជាបន្តបន្ទាប់ក្នុងអាជីពការងារ និងអាជីវកម្មរបស់ពួកគេ។លោក YEO LI PHEOW ក៏បានបង្ហាញពីសារៈសំខាន់ នៃភាពជាដៃគូសហការរវាងវិស័យសាធារណៈ និងឯកជន (PPP) ដែលជាគំនិតផ្តួចផ្តើមក្នុងការជំរុញការអភិវឌ្ឍជំនាញ ដើម្បីបំពេញតម្រូវការឧស្សាហកម្មក្នុងប្រទេសសិង្ហបុរី បានយ៉ាងមានប្រសិទ្ធភាព និងបានសង្កត់ធ្ងន់លើការបង្កើតទម្លាប់រៀនសូត្រជាប្រចាំ (Lifelong Learning) ដែលអាចជួយបង្កើនជំនាញកម្លាំងពលកម្ម ក្នុងការឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារប្រកួតប្រជែងផងដែរ។SDF ជឿជាក់ថា ការចែករំលែកបទពិសោធន៍របស់ IAL ក្នុងសិក្ខាសាលានេះ និងជួយជំរុញលើកទឹកចិត្តថ្នាក់ដឹកនាំសហគ្រាស, គ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជនទាំងអស់ យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន និងបុគ្គលិករបស់ខ្លួន ព្រោះការអភិវឌ្ឍជំនាញមិនមែន ជាការចំណាយដែលមិនទទួលបានផលចំណេញនោះឡើយ តែជាការវិនិយោគដ៏ត្រឹមត្រូវ និងចាំបាច់បំផុតសម្រាប់ភាពរីកចម្រើនទាំងបុគ្គល អាជីវកម្ម សេដ្ឋកិច្ចសង្គមជាតិ និងបង្កើនភាពប្រកួតប្រជែងក្នុងតំបន់ នាពេលខាងមុខ សំដៅឆ្ពោះទៅរកការសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់ក្នុង ឆ្នាំ២០៥០៕