(អាហ្វ្រិកខាងត្បូង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ត្រូវបានអញ្ជើញចូលរួមធ្វើបទអន្តរាគមន៍ ក្នុងកិច្ចពិភាក្សាចង្អៀតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ (High-Level Closed-Door Meeting) នៃសមាជិកសន្និបាទហិរញ្ញវត្ថុជាសកល (FiCS) ស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាប័ន្ន (Sustainable and Inclusive Food Systems) ដែលរៀបចំដោយអង្គការមូលនិធិអន្តជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងដោយមានការចូលរួមពីតំណាងសហគមអឺរ៉ុប (European Commission), ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD), គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៃប្រទេសកាណាដា, និងធនាគារអភិវឌ្ឍន៍មួយចំនួនទៀតមកពីជុំវិញពិភពលោក។កិច្ចប្រជុំនេះ មានគោលបំណងកំណត់នូវយុទ្ធសាស្រ្តរួម សម្រាប់ធនាគារអភិវឌ្ឍន៍, ផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងធនាគារអភិវឌ្ឍន៍, កៀរគរមូលធន, និងកំណត់នូវយុទ្ធសាស្រ្តអាទិភាពរួម សម្រាប់ការផ្តល់ហិរញ្ញប្បទាន ប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាបន្ន។ក្នុងកិច្ចប្រជុំនេះ បណ្ឌិត កៅ ថាច បានផ្តល់ធាតុចូលសំខាន់ៗ ក្នុងការកំណត់នូវយុទ្ធសាស្រ្តរួមសម្រាប់ធនាគារអភិវឌ្ឍន៍ ក្នុងការគាំទ្រដល់ការផ្តល់ហិរញ្ញប្បទាន ប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងពិភាក្សាអំពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ រវាងធនាគារអភិវឌ្ឍន៍ជុំវិញពិភពលោក។បន្ទាប់មកនៅរសៀល ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ បណ្ឌិត កៅ ថាច បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (International Fund for Agricultural Development- IFAD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តការគាំទ្រលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទនៅកម្ពុជា។ក្នុងជំនួបនោះដែរ, លោកបណ្ឌិតក៏បាន គូសរំលេចអំពីបេសកកម្មសំខាន់ៗ របស់ធនាគារ ARDB ក្នុងការចូលរួមចំណែកអនុវត្តន៍គម្រោងពាក់ព័ន្ធមួយចំនួន របស់ IFAD ដែលមាននៅកម្ពុជា ។បន្ថែមលើនេះ, លោកបណ្ឌិតក៏បានស្នើសុំដល់ភាគី IFAD បន្តជួយគាំទ្រដល់បេសកកម្មរបស់ ធនាគារ ARDB និងស្នើសុំធ្វើការពង្រីកកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ លើការ អនុវត្ត គម្រោង ហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility - CCFF) ដែលជាគម្រាងគាំទ្រដោយមូលនិធិអាកាសធាតុបៃតង (Green Climate Fund-GCF) ដើម្បីរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដែលបញ្ចេញកាបូនតិច ហើយដែលធន់នឹងអាកាសធាតុ លើវិស័យអាទិភាពរួមមាន៖ ព្រៃឈើនិងការប្រើប្រាស់ដី, កសិកម្ម, ធនធានទឹក, ថាមពលកកើតឡើងវិញ, ប្រសិទ្ធភាពថាមពល និងការដឹកជញ្ជូន៕