សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើខ្លាចបាត់បង់ប្រទេស កូនខ្មែរត្រូវចាប់ផ្ដើមពីពង្រឹងខ្លួនឯង មានម្ចាស់ការ និងការពារអ្វីដែលមាន, គ្មានអ្នកណាស្រលាញ់ខ្មែរ ជាងខ្មែរនោះទេ! (Video inside)

Wait 5 sec.

(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា បើខ្លាចបាត់បង់ប្រទេស កូនខ្មែរទាំងអស់ត្រូវចាប់ផ្ដើមពីពង្រឹងខ្លួនឯង ធ្វើឱ្យមានភាពម្ចាស់ការ និងការពារអ្វីដែលខ្លួនមាន ហើយគ្មានអ្នកណាស្រលាញ់ខ្មែរ ជាងខ្មែរនោះទេ។ ការដាក់ទិសដៅ និងខំពង្រឹងខ្លួនឯង គឺជាការធ្វើពិតប្រាកដដើម្បីពង្រឹងជាតិខ្មែររបស់យើង។ការថ្លែងរបស់សម្ដេចមហាបវរធិបតី បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ South-East Asia ដែលមានអ្នកចូលរួមប្រមាណ៥០០០នាក់ នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាត្រូវការការចូលរួមផ្សព្វផ្សាយបន្ថែមទៀត ពីគ្រប់មជ្ឈដ្ឋានទាំងអស់ និងគ្រប់កម្រិត ដើម្បីបង្ហាញឱ្យអន្តរជាតិបានស្គាល់កម្ពុជាកាន់តែច្បាស់ ព្រោះថា លឺ១០០០ដង មិនស្មើឃើញម្ដងឡើយ នៅលើព័ត៌មាន នៅលើប្រព័ន្ធអនឡាញ ការផ្សព្វផ្សាយមានច្រើន ជាពិសេសធម្មតាលើប្រព័ន្ធអនឡាញ មិនខុសពីស្រុកគេទេ ព័ត៌មានល្អ មិនសូវមាននរណាចាប់អារម្មណ៍ទេ តែព័ត៌មានខូចមួយគឺគេផ្សាយពេញពិភពលោក។យើងត្រូវរួមគ្នា ដើម្បីផ្សព្វផ្សាយនូវចំណុចល្អរបស់យើងឱ្យបានច្រើន ហើយនេះហើយគឺជាអ្វីដែលជាកិច្ចការសំខាន់ ផ្សព្វផ្សាយជាក់ស្ដែងគឺការធ្វើជាក់ស្ដែង នៅក្នុងការប្រទាក់ក្រឡាជាមួយភ្ញៀវស្វាគមន៍គ្រប់គ្នា និងភាពកក់ក្ដៅ និងភាពទុកចិត្ត អាជ្ញាធររបស់យកចិត្តទុកដាក់ធ្វើឱ្យខេត្តមានអនាម័យ មានសណ្ដាប់ធ្នាក់ល្អ ធ្វើយ៉ាងណាបង្កើតផលិតផលទេសចរណ៍បន្ថែមទៀត ដើម្បីឱ្យអ្នកមកពិត គាត់ឃើញគាត់មកទៀត នេះហើយគឺជាភាពជោកជ័យរបស់យើង។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា៖ «នេះហើយគឺជាភាពរឹងមាំរបស់កូនខ្មែររបស់យើង អរិយធម៌ខ្មែររបស់យើង សីលធម៌ វប្បធម៌ថែឱ្យបាននេះហើយគឺជាចំណុចល្អ និងចំណុចខ្លាំង ដែលកូនខ្មែរត្រូវតែពង្រឹង ហើយគ្មាននរណាស្រលាញ់ខ្មែរ ជាងខ្មែរនោះទេជឿខ្ញុំទៅ។ កុំចោទគ្នាចុះឡើងៗ បើខ្លាចបាត់ប្រទេសខ្មែរ ប្រឹងទាំងអស់គ្នាពង្រឹងខ្លួនឯង ពង្រឹងជាតិយើង ពង្រឹងស្រុកយើង ពង្រឹងខេត្តយើង ដើម្បីពង្រឹងភាពម្ចាស់ការ អភិវឌ្ឍន៍និងការពារអ្វីដែលយើងមាន និងរួមគ្នាបង្កើននូវសក្ដានុពលបន្ថែមទៀតសម្រាប់កម្ពុជា មានតែប៉ុណ្ណឹងទេ។ អត់មាននរណាមកធ្វើឱ្យយើងទេ និស្សិតដែលចំណាយពេលវេលារៀនសូត្រទាំងព្រះតេជគុណ រៀនមួយថ្ងៃមិនមែនគេឱ្យសញ្ញាបត្រទេ រាប់ឆ្នាំ។ អញ្ចឹងការដាក់ទិសដៅ និងខំពង្រឹងខ្លួនឯងនេះហើយ គឺជាការធ្វើពិតប្រាកដដើម្បីពង្រឹងជាតិខ្មែររបស់យើង គឺពង្រឹងខ្លួនឯង»។ជាការគួរឱ្យកត់សម្គាល់ កត្តាដែលនាំឱ្យមានភាពរឹងមាំនៅសម័យអង្គរ គឺដោយសារកត្តាធនធានមនុស្ស និងមានមេដឹកនាំខ្លាំង, កងទ័ពខ្លាំង ទើបអាចពង្រឹងការពារជាតិ និងពង្រីកអាណាចក្រ មជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ចរឹងមាំ, ប្រព័ន្ធសេដ្ឋកិច្ចខ្លាំងប្រទាក់ក្រឡា, សមត្ថភាពបច្ចេកទេសរឹងមាំ និងកត្ដាឯកភាពផ្ទៃក្នុង។ នេះបើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕