រដ្ឋមន្ត្រី ហេង សួរ៖ ជំនាញបច្ចេកទេសវិជ្ជាជីវៈ ជាជម្រើសមួយដែលរៀនរយៈពេលខ្លី ហើយទទួលជំនាញមួយពិតប្រាកដសម្រាប់បំពេញតម្រូវការការងារ

Wait 5 sec.

(កំពង់ធំ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា​ ជំនាញបច្ចេកទេសវិជ្ជាជីវៈ ជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់យុវជនកម្ពុជាដែលខ្វះលទ្ធភាព ដោយរៀន​រយៈពេលខ្លី ហើយអាចទទួលបានជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយយ៉ាងពិតប្រាកដ ដើម្បីជាស្ពានចម្លងជីវិតឱ្យមានជីវភាពល្អប្រសើរ ទទួលបានប្រាក់ចំណូលឆាប់រហ័ស ដើម្បីជួយខ្លួនឯង និងគ្រួសារ។លោក ហេង សួរ បានថ្លែងដូចនេះនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីគ្រប់អ្នកពាក់ព័ន្ធប្រមាណជិត ២.០០០នាក់។បន្ថែមពីនេះលោក ហេង សួរ ក៏បានលើកទឹកចិត្ត និងកោតសរសើរដល់និស្សិតជ័យលាភី និងនិស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ដែលបានជ្រើសរើសជំនាញបច្ចេកទេសវិជ្ជាជីវៈដ៏ត្រឹមត្រូវ សម្រាប់អនាគត់ ព្រោះថាជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាជម្រើសមួយដែលមានរយៈពេលខ្លី មានជំនាញលឿនអាចបំពេញតម្រូវការសម្រាប់គ្រួសារនីមួយៗឆាប់រហ័ស ហើយជំនាញនេះទៀតសោត ក៏មានភាព​បត់បែន ដែលអាចឱ្យអ្នកសិក្សាអាចបន្តដល់ថ្នាក់ឧត្តមសិក្សាបន្ថែមទៀតបានផងដែរ ។លោក ក៏បានវាយតម្លៃចំពោះជម្រើសនៃការបណ្តុះបណ្តាលជំនាញជាចក្ខុវិស័យដ៏ត្រឹមត្រូវ និងវ័យឆ្លាតដែលវិទ្យាស្ថានបានដាក់ចេញយ៉ាងសក្តិសមបំផុត សម្រាប់យុវជនកម្ពុជាដែលខ្វះលទ្ធភាព សិក្សាបានតិចតួច ឬបោះបង់ចោលការសិក្សាឱ្យមានជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីជាស្ពានចម្លងជីវិតឱ្យមានជីវភាពល្អប្រសើរ ទទួលបានប្រាក់ចំណូលឆាប់រហ័សដើម្បីជួយខ្លួនឯង និងគ្រួសារ។លោក ហេង សួរ បានបញ្ជាក់ដែរថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានកំណត់ទិសដៅជាអាទិភាព​ក្នុងការបណ្តុះបណ្តាល​ជំនាញបច្ចេកទេស ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរក្នុងរយៈពេលខ្លី តាមរយៈជំនាញហើយកម្មវិធីថ្នាក់ជាតិនេះ កំពុងតែត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការ ក្នុងគោលបំណងប្រែក្លាយកម្ពុជា ពីប្រទេសអតិពលកម្ម ទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញពិតប្រាកដ។ជាមួយគ្នានេះលោក ហេង សួរ បានជំរុញឲ្យសិស្ស-និស្សិត ដែលកំពុងសិក្សាត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីទទួលបាននូវអត្ថប្រយោជន៍​សម្រាប់ខ្លួនឯង បន្តផ្សព្វផ្សាយ​ឲ្យដល់គ្រប់ស្រទាប់​មហាជនដូចជា ប្រជាពលរដ្ឋឲ្យយល់កាន់តែច្បាស់អំពីការសិក្សាជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសកុំខេត្តកំពង់ធំ ក៏ដូចជាបណ្ដាខេត្តផ្សេងៗទៀតផងដែរ៕