(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការគាំទ្រចំពោះការថតខ្សែភាពយន្ដនៅលើទឹកដីអង្គរ ក៏ដូចជានៅទីតាំងនានានៅក្នុងប្រទេសកម្ពុជា ពីសំណាក់ក្រុមហ៊ុនភាពយន្ដបរទេស ដែលជាចំណែកមួយដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ពិសេសវិស័យទេសចរណ៍ ដោយមិនចាំបាច់ចំណាយលុយជួលស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឲ្យផ្សាយពីកម្ពុជា។ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវជួយសម្រួលតាមគ្រប់មធ្យោបាយដើម្បីឲ្យក្រុមហ៊ុនភាពយន្ដបរទេស អាចធ្វើសកម្មភាពបាន។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កន្លងទៅមានការថតពាក់ព័ន្ធអនឡាញធ្វើឲ្យប៉ះពាល់ដល់កម្ពុជា តែយើងត្រូវថតឲ្យច្រើនវិញដើម្បីផ្សព្វផ្សាយថាកម្ពុជាសុវត្ថិភាព ថតឲ្យច្រើនដើម្បីបង្ហាញនូវទឹកដីដ៏ល្អ ប្រជាជនដ៏ល្អរបស់យើង ហើយលើកទឹកចិត្តប្រសិនបើក្រុមហ៊ុនគេចាប់អារម្មណ៍មកហើយ យើងមិនចាំបាច់ជួលគេរាប់សែនដុល្លារដើម្បីហៅគេមកទេ គេជិះយន្ដមកហើយយើងគ្រាន់តែសម្រួលឲ្យល្អទៅ។ សូមឲ្យក្រសួង ស្ថាប័នទាំងអស់ពិនិត្យមើល»។ជាមួយគ្នានេះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានី-ខេត្ត ផ្តល់កិច្ចសហការដើម្បីជំរុញការផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination) ក៏ដូចជា ការថតស្ប៉តពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ ដែលទាំងអស់នេះ នឹងជំរុញការផ្សព្វផ្សាយកម្ពុជាលើឆាកអន្តរជាតិ បានលឿន និងមានប្រសិទ្ធភាព។បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, យោងតាមការរាយការណ៍របស់ក្រុមជំនួយការរបស់សម្ដេច ប៉ុន្មានថ្ងៃខាងមុខនឹងមានក្រុមហ៊ុនភាពយន្ដបរទេសថ្មីមួយទៀត នឹងមកថតខ្សែភាពយន្ដនៅប្រទេសកម្ពុជា។ សម្ដេចបញ្ជាក់ថា ក្រុមហ៊ុនបរទេសបានចំណាយថវិកាច្រើន ដើម្បីធ្វើដំណើរ និងដឹកសម្ភារមកកម្ពុជា ដូច្នេះត្រូវសម្រួលដើម្បីឲ្យក្រុមហ៊ុនខាតបង់ ដោយសារមិនបានថតខ្សែភាពយន្ដនៅកម្ពុជា។ការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីមានបាតុភាពផ្សេងៗដែលតែងកើតឡើង ជាពិសេសពាក់ព័ន្ធជាមួយខ្លឹមសារខ្សែភាពយន្ដ នៅពេលមុនផលិតទទួលបានការឯកភាពពីក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួចរាលហើយ ប៉ុន្ដែនៅពេលផលិតរួចក្រសួងទាមទារមកពិនិត្យម្ដងទៀត ដូច្នេះបានបង្កការលំបាកដល់ក្រុមហ៊ុនទាំងនោះ។ក្នុងន័យនេះ សម្ដេចមហាបវរធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃខាងមុខសម្ដេចនឹងជួបពិភាក្សាការងារជាមួយវិស័យភាពយន្ដបន្ថែមទៀត ដើម្បីគិតគូរលើការជួយពង្រឹង ពិសេសតាមរយៈការស្វែងរកមូលនិធិដើម្បីជួយគាំទ្រដល់វិស័យភាពយន្ដ។ សម្ដេចបានចាត់ទុកថា វិស័យភាពយន្ដជាសក្ដានុពលធំ ក្នុងការជួយផ្សព្វផ្សាយពីកម្ពុជាទៅកាន់ឆាកអន្ដរជាតិ ខណៈការផ្សព្វផ្សាយជារឿងសំខាន្ដដែលត្រូវបន្ដធ្វើ៕