លោក តាន់ ហ្សង់ហ្វ្រង់ ស័រ៖ កម្ពុជាមិនរំពឹងអ្វីធំដុំទេពីរដ្ឋបាល ដូណាល់ ត្រាំ តែអ្វីដែលកម្ពុជាចង់បាន គឺការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច គឺចង់ឱ្យអាមេរិក យោគយល់កម្ពុជាខ្លាំងជាងមុន

Wait 5 sec.

(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានរំពឹងអ្វីជាធំដុំទេពីរដ្ឋបាល លោក ដូណាល់ ត្រាំ ប៉ុន្តែតែអ្វីដែលកម្ពុជាចង់បាន គឺការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច គឺចង់ឱ្យអាមេរិក យោគយល់កម្ពុជាខ្លាំងជាងមុន។ការថ្លែងបែបនេះរបស់ លោករដ្ឋមន្រ្តីប្រតិភូ បានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានលើកទី៦ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» នៅទីស្ដីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីមានសំណួរពី Fresh News។លោកបញ្ជាក់ដូច្នេះថា៖ «ឆ្លើយនឹងសំណួរថា តើរាជរដ្ឋាភិបាលកម្ពុជារំពឹងដូចម្ដេច ចំពោះរដ្ឋបាលរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺអត់ទេ ! រាជរដ្ឋាភិបាលកម្ពុជាអត់រំពឹងអ្វីធំដុំ អ្វីដែលកម្ពុជាចង់បានគឺការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច គឺចង់ឱ្យសហរដ្ឋអាមេរិកយោគយល់កម្ពុជាខ្លាំងជាងមុន ជាពិសេសលើវិស័យពាណិជ្ជកម្ម»។បើតាម លោក ហ្សង់ លើកឡើងថា លោកប្រធានាធិបតីដូណាល់ ត្រាំ គឺជាអ្នកសេ្នហាជាតិ នយោបាយរបស់លោកទាំងអាណត្តិមុន និងអាណត្តិថ្មីនេះ គឺផ្តល់ផលប្រយោជន៍ឱ្យតែប្រជាជនអាមេរិកមុនគេ ជាពិសេស សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សម្រាប់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចគ្នា អ្វីដែលសំខាន់ជាងគេស​ម្រាប់កម្ពុជា គឺប្រយោជន៍សេដ្ឋកិច្ច សម្រាប់ប្រជាពលរដ្ឋកម្ពុជា សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា គឺគិតកម្ពុជាមុនគេបង្អស់។«គឺក្នុងគោលដៅការពារផលប្រយោជន៍កម្ពុជានិងពលរដ្ឋកម្ពុជាហ្នឹងហើយ បានជាយើងកំពុងបន្តអនុវត្តនូវនយោបាយការបរទេសមួយ...ការពារផលប្រយោជន៍កម្ពុជា និងប្រជាជនកម្ពុជា ការពារឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងស្ថេរភាពសង្គម ការពារគំរូអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមស្តង់ដារជាក់ស្ដែងកម្ពុជាខ្លួនឯង ហើយមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីសំណាក់បរទេសមកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោករដ្ឋមន្រ្តីប្រតិភូ។លោកបានបញ្ជាក់បន្តថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែប្រកាសនៅលើឆាកអន្តរជាតិថា «កម្ពុជាមិនមានសត្រូវនោះទេ មានតែមិត្តប៉ុណ្ណោះ»។ បន្ថែមពីនេះកម្ពុជាក៏ចង់បានសន្តិភាព នៅក្នុងប្រទេសរបស់ខ្លួនក្នុងតំបន់និងគ្រប់ទីកន្លែងនៅលើពិភពលោក ក្នុងគោលដៅតែមួយគត់ គឺបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ឲ្យមានការរីកចម្រើន ឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ៕