(តាកែវ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញប្រកាសតែងតាំងលោក ធាម ច័ន្ទពិសិដ្ឋ ជាប្រធានសាលាដំបូងខេត្តតាកែវ ជំនួសលោកស្រី ពេជ ម៉ារ៉ែន ដែលត្រូវបានប្លាស់ប្ដូភារកិច្ចដោយបង្ខំទៅជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ។ថ្លែងនៅក្នុងពិធីនោះលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានកោតសរសើរចំពោះសាលាដំបូងខេត្តតាកែវ ដែលកន្លងមកបានដោះស្រាយជម្រះរឿងក្ដីបានច្រើនជាងគេនៅទូទាំងប្រទេស ពោលគឺបានទទួលបានលេខ១ ដែលនេះ សបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការ។ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានផ្ដាំផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវធ្វេសប្រហែសក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ភ្ជាប់ នៅអភិក្រមទាំង៥ រួមមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដើម្បីឲ្យការកែទម្រង់វិស័យយុត្តិធម៌ទទួលបានជោគជ័យ៕