(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ លោករដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន តាមប្រព័ន្ធវីដេអូហ្សូម(Zoom) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។នៅក្នុងជំនួបនេះ លោក ឌិត ទីណា បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសផ្សេងៗទៀត នៅក្នុងក្របខណ្ឌអាស៊ាន។តាមរយៈកិច្ចប្រជុំនេះ ក្រសួងកសិកម្មនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន បានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារសាយតេស(CITES) និងត្រៀមរៀបចំធ្វើអនុស្សារណៈនៃការយោគយល់គ្នា(MoU) នាពេលឆាប់ៗខាងមុខនេះ។បើតាមលោករដ្ឋមន្ត្រី, កម្ពុជានឹងរៀបចំធ្វើលិខិតជាផ្លូវការមួយផ្ញើទៅតាមរយៈស្ថានទូតហ្វីលីពីន ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការលើការងារសាយតេសរវាងប្រទេសទាំងពីរ ដើម្បីអនុវត្តអនុសញ្ញាសាយតេសនេះប្រកបដោយប្រសិទ្ធភាព សំដៅការពារនិងអភិរក្សប្រភេទសត្វ និងរុក្ខជាតិព្រៃកំពុងរងគ្រោះថ្នាក់នៃប្រទេសទាំងពីរ៕